ភ្នំពេញ៖ លើកពីបទពិសោធន៍កម្ពុជា ជួបប្រទះរ៉ាំរ៉ៃនូវគ្រាប់បែកចង្កោមតាំងពីចប់សង្គ្រាម នៅក្នុងប្រទេសប្រមាណជា៥០ឆ្នាំមកនេះ ទៅដល់ប្រទេសមានសង្គ្រាម រវាងអ៊ុយក្រែននិងរុស្ស៊ី លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញថា គ្រាប់បែកចង្កោម ជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង ៥០ឆ្នាំហើយក៏ដោយ ប៉ុន្ដែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកជាសំណូមពរដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន ជៀសវាងការប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ។ ចំពោះសារសម្តេចតេជោនេះ បានធ្វើឲ្យប្រធាន CMAC កម្ពុជារូបនេះ ចេញសារគាំទ្រតាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ កក្កដា ឆ្នាំ២០២៣ ។

លោកអគ្គនាយក CMAC បានរៀបរាប់ថា «គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង ៥០ឆ្នាំហើយក៏ដោយ ក៏គ្រាប់បែកចង្កោមទាំងនោះ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ»។

លោកបន្ដថា ផលលំបាកនៃសង្គ្រាម ជាពិសេសដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា និងបណ្តាប្រទេសរងគ្រោះមួយចំនួន ក៏ជាចំណែកមួយនៃចលនា បង្កើតអនុសញ្ញាអន្តរជាតិអូស្លូស្តីពី «ការហាមប្រាមការប្រើប្រាស់ ការផលិត ការស្តុកទុក និងការដឹកជញ្ជូនគ្រាប់បែកចង្កោម» ដែលបានចូលជាធរមានជាច្បាប់អន្តរជាតិ នៅឆ្នាំ២០០៨ មាន១២៣ប្រទេស ក្នុងនោះ មានរដ្ឋភាគីចំនួន១១១ និងរដ្ឋហត្ថលេខី ចំនួន១២។

លោកបន្ថែមទៀតថា កាលពីទសវត្សរ៍ ៦០-៧០ កម្ពុជារងការទម្លាក់ប្រមាណ ៣០លានកូនគ្រាប់បែកចង្កោម លើគោលដៅ (ទីតាំងទម្លាក់) រាប់ម៉ឺនគោលដៅក្នុងក្របខណ្ឌទូទាំងប្រទេស។ តាមការសិក្សាវាយតំលៃឃើញថា គ្រាប់បែកចង្កោមដែលបានប្រើក្នុងសង្គ្រាមឥណ្ឌូចិន មានកំរិតអត្រាមិនផ្ទុះ ក្នុងការប្រើប្រាស់ក្នុងសង្គ្រាមមានចំនួនប្រមាណ២៥ទៅ ៣០% ដែលបរិមាណនេះបន្តបង្កគ្រោះថ្នាក់រយ:ពេលយូរអង្វែង៕



