ព័ត៌មានជាតិ

កម្ពុជា-ចិន ខិតខំលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»

រូបភាព៖ វេបសាយ ក្រសួងព័ត៌មាន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា ក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងដាក់ចេញនូវសេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨។

ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកា ស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកលឲ្យកាន់តែមាប្រសិទ្ធភាពខ្ពស់។

សម្ដេចតេជោបន្ដថា បច្ចុប្បន្នកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកល បន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាលឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និងបរិស្ថាន។ ក្នុងបរិបទនេះ បានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេសការដាក់ចេញ «គំនិតផ្តួចផ្ដើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិតផ្តួចផ្តើម សន្តិសុខសកល (GSI) ដោយលោកប្រធានាធិបតី ស៊ី ជីនពីង បាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និងការសម្រេចឲ្យបានរបៀបវារៈឆ្នាំ២០៣០។

សម្ដេចតេជោបន្ថែមថា ក្នុងបរិការណ៍សកលបច្ចុប្បន្ន ដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល ការលើកកម្ពស់ការជួយបំពេញ ឲ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់មិនអាចខ្វះបាន តាមរយៈការដាក់ចេញសកម្មភាពអនុវត្តន៍ ជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស ការកាត់បន្ថយតម្លាតឌីជីថល ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មតំបន់ និងសកល ការជំរុញការវិនិយោគដោយផ្ទាល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងចាប់ឲ្បានកាលានុវត្តភាពក្នុងប្រទេសនីមួយៗ។

ជាមួយគ្នានេះ សម្ដេចតេជោយល់ថា គប្បីមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និង យន្តការសហប្រតិបត្តិការ ជាពិសេសការរៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាពនានា សំដៅធានាបានប្រសិទ្ធភាព ក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះ។

សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា និងចិនបានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដល់កម្រិតកំពូលក្លាយជា កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានដាក់ចេញនូវ សេចក្តីថ្លែងការណ៍រួម ស្តីពីការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)។ ខ្ញុំជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»៕

To Top