ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុង បន្តដោះស្រាយបញ្ហាជាច្រើន ដែលស្រ្តីគ្រប់វ័យកំពុងប្រឈម តាមរយៈការបញ្ជ្រាបយេនឌ័រទៅក្នុងគ្រប់ គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួង សា្ថប័ន ។
តាមរយៈសារលិខិត អបអរសាទរទិវាប្រជាជនពិភពលោក លើកទី៣៤ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទន្ទឹមនឹងការកើនឡើងនៃចំនួនប្រជាជនក្នុងពិភពលោក ប្រជាជនកម្ពុជាក៏មានចំនួនការកើនឡើងគួរឱ្យ ចាប់អារម្មណ៍ដែរ ក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងទៅនេះ ពោលគឺ បានកើនពីចំនួន១១,៤លាននាក់ នៅ ឆ្នាំ១៩៩៨ ដល់ចំនួន១៦,៨លាននាក់ នៅឆ្នាំ២០២២ ដែលមានអត្រាកំណើនប្រចាំឆ្នាំ១,៦ភាគរយ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២២។ នៅឆ្នាំ២០២២ ស្រ្តីមានចំនួនសរុប៨,៦លាននាក់ (ប្រមាណ ៥១ភាគរយ) រីឯស្រ្តីក្នុងវ័យ បន្តពូជអាយុ១៥-៤៩ឆ្នាំ មានចំនួន៤,៦លាននាក់ (ស្មើនឹង៥៣ភាគរយ នៃស្ត្រីសរុប)។
សម្ដេចបន្ថែមថា កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជាជនក្នុងន័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិចដែលចំនួនប្រជាជន វ័យ១៥-៦០ឆ្នាំ នឹងកើនដល់៦៥ភាគរយនៃប្រជាជនសរុប និងផលធៀបវ័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន៥៤នាក់ ក្នុង ចំណោមប្រជាជនវ័យ១៥-៦០ឆ្នាំ ១០០នាក់ នៅឆ្នាំ២០៤០ ដែលបរិបទនេះ ហៅថា ភាគលាភប្រជាសាស្ត្រ។
សម្ដេចតេជោបន្តថា ទោះជាយ៉ាងនេះក្តី កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ដូចជា អត្រាមរណភាពមាតានៅតែមាន កម្រិតខ្ពស់ ប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់ សេវាសុខភាពនិងសុខភាពបន្តពូជរបស់ស្ត្រីមិនទាន់ គ្របដណ្តប់ជាសកល កម្លាំងពលកម្មជាស្រ្តីមានច្រើន ក៏ប៉ុន្តែស្ត្រីជាច្រើនធ្វើការងារគ្មានប្រាក់កម្រៃឬការងារមានប្រាក់ចំណូលទាប កម្រិតវប្បធម៌និងជំនាញបច្ចេកទេសរបស់ស្ត្រីនៅមានកម្រិតទាប មិនទាន់ឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារនិងវិស័យអាទិភាព គម្លាតយេនឌ័រក្នុងសង្គម និងការជួញដូរនិងអំពើហិង្សាលើស្រ្តីនិង ក្មេងស្រីនៅបន្តកើតមាន និន្នាការគាំទ្ររបស់គ្រួសារនិងសង្គមដល់មនុស្សវ័យចាស់មានការថយចុះ និងប្រជាជន វ័យចាស់កំពុងកើនឡើងលឿនគួរឱ្យព្រួយបារម្ភជាដើម។
សម្ដេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាទស្សនៈសង្គមរួមនៅកម្ពុជា តម្លៃខ្ពស់ត្រូវបានផ្ដល់ជូនដល់ស្រ្តី ដោយចាត់ទុកស្ត្រីជាមាតានៃសង្គម និងជាធនធានដ៏ចាំបាច់សម្រាប់ដំណើរការកសាងនិងអភិវឌ្ឍប្រទេស។ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើក ទឹកចិត្ត ព្រមទាំងបង្កលក្ខណៈកាន់តែអនុគ្រោះដល់ស្ត្រីគ្រប់រូប ដើម្បីមានឱកាសនិងលទ្ធភាពកាន់តែទូលាយ សម្រាប់ការចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។
សម្ដេចបញ្ជាក់បន្ថែមថា «ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននិងកំពុង បន្តដោះស្រាយបញ្ហាជាច្រើនទៀតដែលស្រ្តីគ្រប់វ័យកំពុងប្រឈម ដូចជា បញ្ហាសុខភាព ការអប់រំ ការរំលោភ បំពាន និងសិទ្ធិនៃការចូលរួម និងសិទ្ធិក្នុងការសម្រេចចិត្តជាដើម តាមរយៈការបញ្ជ្រាបយេនឌ័រទៅក្នុងគ្រប់ គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិនិងផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួង សា្ថប័ន រួមទាំងការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ» ។
សម្ដេចតេជោថ្លែងថា ដើម្បីចាប់យកឱកាសនៃភាគលាភប្រជាសាស្ត្រដែលកំពុងមាន កម្ពុជាចាំបាច់ត្រូវមានការតម្រង់ទិស គោលនយោបាយតាមវិស័យពាក់ព័ន្ធឱ្យបានសមស្របនិងទាន់ពេល តាមរយៈគោលនយោបាយជាតិប្រជាជន ដែលជាក្របខ័ណ្ឌគោលនយោបាយរួមមួយសម្រាប់តម្រង់ទិសគ្រប់វិស័យ ជាពិសេសការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារនិងផលិតភាពការងារ ការបង្កើនការវិនិយោគលើវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថល យេនឌ័រ និងការបង្កើតឱ្យមានកម្មវិធីសន្សំប្រាក់ សំដៅប្រែក្លាយកម្លាំងពលកម្មឱ្យក្លាយទៅជាមូលធនមនុស្ស សម្រាប់ជំរុញការអភិវឌ្ឍប្រទេសឱ្យបានលឿនជាងមុន។
ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមឱ្យមានការរួបរួមគ្នា ដើម្បី ទទួលយកនូវព្រឹត្តិការណ៍ប្រជាសាស្ត្រដែលកំពុងកើតមាននិងដែលនឹងកើតមាននាពេលអនាគត ហើយរួមគ្ន ដោះស្រាយតាមមធ្យោបាយសមស្របនិងមានប្រសិទ្ធភាព ដើម្បីបញ្ចៀសនូវផលប៉ះពាល់អវិជ្ជមាន និងទាញយក អត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រនិងភាគលាភយេនឌ័រ តាមរយៈ« ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ៖ ការជ្រោងឡើងនូវសម្លេងស្រ្តីនិងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង» ៕