ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឲ្យប្រើប្រាស់ផែនការ មេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដែលគ្របដណ្ដប់ លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ព្រមទាំងការងារ ក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ជាដើម។

លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានលើកឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយនៅថ្ងៃ១១ កក្កដាថា ការបញ្ជ្រាបចំណេះដឹងស្ដីពីសុវត្ថិភាព និងសុខភាព ការងារ នៅក្នុងការអប់រំទូទៅ និងផ្ទៃក្នុង នៃកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ គឺអាចកសាង អនាគតកម្មករជំនាញ ជំនាន់ក្រោយ ប្រកបដោយសុវត្ថិភាព និង សុខភាពការងារល្អជាងមុន ។ ក្នុងនាមអង្គការសហជីព ប្រធានក្រុមប្រឹក្សា ជាតិ សហជីពរូបនេះបានប្ដេជ្ញាចូលរួម ជាមួយក្រសួងការងារ អង្គការអន្តរជាតិខាងការងារ អង្គការនិយោជក និងដៃគូផ្សេងទៀត ដើម្បីអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និង សុខភាពការងារ ឆ្នាំ២០២៣-២០២៧ ប្រកបដោយផ្លែផ្កា។

លោក ទេព សុភ័ណ្ឌ នាយកគ្រប់គ្រងទូទៅ នៃសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានបង្ហាញក្ដីរំពឹងថា ផែនការមេលើកទី៣ នឹងក្លាយជាយន្តការ នៃការដោះស្រាយគោលនយោបាយអាទិភាព និងវិធានការចាំបាច់នានា ក្នុងការបន្តការធានាសុវត្ថិភាព និងសុខភាពការងារ ជូនកម្មករនិយោជិត ។

ចំណែក លោក ទុន សោភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិ នៃអង្គការ ILO ប្រចាំកម្ពុជា ក៏បានវាយតម្លៃពីការអនុវត្តបានល្អប្រសើរនូវសុវត្ថិភាព និងសុខភាពការងារកាលពីពេលកន្លងទៅ គឺបានកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ នាំឲ្យបង្កើនផលិតភាពការងារក្នុងរោងចក្រ សហគ្រាស។
លោកថា បញ្ហាសុវត្ថិភាព និង សុខភាពការងារនេះ គឺអង្គការ ILO មានការយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមានការចែងបទប្បញ្ញត្តិជាបន្តបន្ទាប់ និងតម្រូវឲ្យរដ្ឋជាសមាជិក ចូលរួមអនុវត្តឲ្យបាន ។

នាឱកាសនោះលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ក៏បានលើកឡើងថា ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ បានកំណត់ យុទ្ធសាស្ត្រចំនួន៦ និងផែនការ សកម្មភាពលម្អិតជាមួយ នឹងយន្តការត្រួតពិនិត្យ និងវាយតម្លៃ ដែលជាក់លាក់អាចវាស់វែង បានអាចអនុវត្ត បានប្រាកដនិយម និងតាមពេលកំណត់ (SMART) ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្នុងផ្នែកសុវត្ថិភាព និងសុខភាពការងារ ដែលជាប្រយោជន៍ដល់និយោជក និងកម្មករនិយោជិតគ្រប់វិស័យទាំងអស់ ដោយមិនផ្អែកទៅតាមវិស័យសេដ្ឋកិច្ចទំហំ នៃសហគ្រាស គ្រឹះស្ថាន ឬកន្លែងធ្វើការបែបណានោះទេ ៕
