ភ្នំពេញ ៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំបរមាណូកម្ពុជាហៅកាត់ថា “CAM-ATOM” បានបង្ហាញថា មាននិស្សិតខ្មែរស្រី៣រូបបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យនៅប្រទេសរុស្ស៊ី។ ក្រៅពីនិស្សិតស្រីទាំង៣រូបនេះហើយ ក៏មាននិស្សិតប្រុសម្នាក់បញ្ចប់លើជំនាញនេះដែរ ។
និស្សិតស្រី-ប្រុសទាំង៤រូបនោះរួមាន ៖ កញ្ញា គី ទិត្យម៉ារីណែត , កញ្ញា ស៊ីវ គីមលី , កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិត ។
បើតាម CAM-ATOM ពួកគេបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk របស់សហព័ន្ធរុស្ស៊ី។

សូមបញ្ជាក់ថា បញ្ញវន្តទាំង៤រូប (បញ្ញវន្តស្រ្តី៣រូប ជាស្រ្តីខ្មែរដំបូងដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យ) ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី២ នៃគម្រោងអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ។



ជាមួយគ្នានេះផងដែរ និស្សិតកម្ពុជាទាំង៤រូប ក៏ដូចជានិស្សិតកម្ពុជាផ្សេងទៀតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី លើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព៕

