ព័ត៌មានជាតិ

សម្តេចតេជោ ៖ ការបញ្ចេញ រថយន្តដឹកកម្មករ ទៅបោះឆ្នោត មិនមែនជាការសូកប៉ាន់ ដោះដូរសន្លឹកឆ្នោត

រូបភាពឯកសារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជា ឲ្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សហការជាមួយសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកកម្មករ កម្មការិនីទៅបោះឆ្នោត នៅថ្ងៃទី២៣កក្កដាខាងមុខនេះ ដោយមិនមានការរើសអើង និន្នាការនយោ​បាយ ហើយមិនមែនជាការសូកប៉ាន់ សម្រាប់ដោះដូរ ជាមួយសន្លឹកឆ្នោតនោះទេ ។

រូបភាពឯកសារ

តាមរយៈសារសំឡេងពិសេស សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ផ្ញើជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនចំពោះកម្មករកម្មការិនីទាំងអស់​ ដូចដែលបានដឹងហើយថា រាជរដ្ឋាភិបាល បានអនុញ្ញាត ឲ្យកម្មករកម្មការិនី ឈប់សម្រាកបាន៣ថ្ងៃ ដើម្បីធ្វើដំណើរ ទៅធ្វើការបោះឆ្នោត ។ ដោយសារតម្រូវការ នៃការធ្វើដំណើរមាន មនុស្សច្រើន មធ្យោបាយដឹកជញ្ជូន ពិតជាមានបញ្ហា ដែលអាចបង្កើននូវការពិបាកក្នុងការធ្វើដំណើរ ដោយខ្វះមធ្យោបាយ ឬការដំឡើងថ្លៃជាដើម្បី” ។

សម្តេចបានបញ្ជាក់ថា “ក្នុងន័យនេះ ដើម្បីសម្រួលទៅដល់កម្មករ កម្មការិនី របស់យើង សម្រាប់ការធ្វើដំណើរទៅកាន់ស្រុកកំណើត ធ្វើការបោះឆ្នោត ខ្ញុំបញ្ជាឲ្យឯកឧត្តមអភិបាល រាជធានីភ្នំពេញ ធ្វើការបញ្ចេញរថយន្តក្នុងរង្វង់ ៣០០ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនី នៅតាមបណ្តាខេត្ត សម្រាប់ ធ្វើការបោះឆ្នោត ។ ខ្ញុំសូមធ្វើការណែនាំ ឲ្យបានច្បាស់ថា ការដឹកជញ្ជូននេះ ធ្វើឡើងដោយគ្មានការរើសអើង គណបក្សនយោបាយណាមួយទេ ដូច្នេះមិនមែនជាការ ទិញដូរសន្លឹកឆ្នោតនោះឡើយ យើងដឹកគ្រប់និន្នាការនយោបាយ ហើយយើង ក៏មិនដឹងថា តើនរណា នឹងត្រូវបោះឆ្នោត ឲ្យនរណានោះឡើយ យើងដឹកដោយគ្មានការរើសអើងនោះទេ ដូច្នេះវាមិនមែនជាការសូកប៉ាន់ សម្រាប់ដោះដូរជាមួយសន្លឹក ឆ្នោតនោះទេ” ។

ក្នុងនោះ សម្តេចក៏បានរំលឹកប​ន្ថែម ជុំវិញស្ថានភាព ការរៀបចំដឹកជញ្ជូនពលរដ្ឋ ក្នុងអំឡុងពេលបោះឆ្នោត ខុសគ្នាជាមួយស្ថានភាព ដឹកជញ្ជូន ពលរដ្ឋ នាអំឡុង ពេលចូលឆ្នាំ ដែលសម្តេចទាមទារឲ្យមានការគិតគូរច្បាស់លាស់ តាមទិសដៅ ដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ពិនិត្យឲ្យច្បាស់លាស់ និងជាពិសេសត្រូវមានវិធីដោះស្រាយដល់អ្នកបើកបររថយន្ត ក្នុងការមានលទ្ធភាពបោះឆ្នោតបាន។

រូបភាពឯកសារ

បន្ថែមពីលើនេះទៀត សម្តេចបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ការដឹកជញ្ជូននេះ នឹងបន្ធូបន្ថយ នូវការលំបាក នឹងចរន្តនៃការស្ទះ ខ្វះមធ្យោបាយ ដឹកជញ្ជូន ដោយសព្វថ្ងៃនេះ មធ្យោបាយដឹកជញ្ជូន មានរថយន្តឈ្នួល រថយន្តតាស៊ី ក៏ប៉ុន្តែនៅកម្មករ ដែលចេញរាប់សិបម៉ឺននាក់ទៅនោះ គឺពិតជាមាការ លំបាក ទៅដល់មធ្យោបាយដឹកជញ្ជូន ហើយអាចកម្មករ កម្មការិនីខ្លះទៀត គឺមិនមានមធ្យោបាយធ្វើដំណើរ ហើយខ្ជិលធ្វើដំណើរ ទៅតែម្តង ដូច្នេះដើម្បីលើក ទឹកចិត្ត និងសម្រួលឲ្យអ្នកបោះឆ្នោតទាំងអស់ គឺត្រូវតែបញ្ចេញរថយន្តក្នុងរង្វង់ ៣០០ ទៅ៣៥០គ្រឿង សម្រាប់បម្រើដល់ការងារនេះ ហើយពេលដែលដឹកទៅ គឺត្រូវតែដឹកត្រឡប់មកវិញ នេះគឺជាកិច្ចការ ដែលត្រូវធ្វើនៅក្នុងរយៈពេលនោះ ក៏ប៉ុន្តែសូមកុំភ្លេចសោះថា អ្នកបើកបររថយន្ត ត្រូវទទួលបាននូវការ បោះឆ្នោត ពួកគេត្រូវតែមានលទ្ធភាពដើម្បីបោះឆ្នោត គឺមិនអាចនិងមិនធ្វើការបោះឆ្នោតបានឡើយ ដូច្នេះសូមឲ្យយកចិត្តទុក ដាក់លើបញ្ហានេះ ថ្ងៃទី២២​ ចាកចេញ ថ្ងៃទី២៤ វិលត្រឡប់ ប៉ុន្តែធានាធ្វើយ៉ាងណា ឲ្យអ្នកបើកបររថយន្ត បានបោះឆ្នោតនៅថ្ងៃទី២៣ផងដែរ” ។

រូបភាពឯកសារ

សម្តេចតេជោ បញ្ជាក់សារជាថ្មីបន្ថែមថា “(ការដឹកជញ្ជូននេះ)គ្មានការរើសអើង គ្មានពណ៌សម្បុរ ហើយយើង ក៏មិនដឹងថា តើនរណា ត្រូវបោះឆ្នោត ឲ្យនរណានោះទេ គ្មានការសួរថា តើអ្នកបោះឆ្នោតឲ្យអ្នកណា មុនពេលឡើងរថយន្តនោះឡើយ” ៕

To Top