ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើង នៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១២ កក្កដានេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) រដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» និងអាទិភាពរបស់ឥណ្ឌូនេស៊ីដែលផ្តោតលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-បាស៊ីហ្វិក (AOIP)។
កិច្ចប្រជុំគូសបញ្ជាក់ពីសារៈសំខាន់ការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងសាមគ្គីអាស៊ាន ក្នុងកិច្ចសហការជាមួយនឹងដៃគូខាងក្រៅរបស់អាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ានរំពឹងទុកនូវការចុះហត្ថលេខារបស់អារ៉ាប៊ីសាអូឌីត លើលិខិតូបករណ៍ចូលជាភាគី នៃសន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងបានស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានចំពោះការបញ្ចូលប្រទេសម៉ិកស៊ិក ប៉ាណាម៉ា ស៊ែប៊ី និងអេស្ប៉ាញ ចូលជាភាគីនៃTAC នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្រេចផ្ដល់ឋានៈជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានជូនទៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។
កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងកិច្ចសហប្រតិបត្ដិការជាមួយដៃគូខាងក្រៅទាំងអស់។ យន្តការដឹកនាំដោយអាស៊ាននៅតែជាយន្តការដែលមានសារៈសំខាន់ខ្ពស់ចំពោះការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ការអភិវឌ្ឍនិម្មាបនកម្មតំបន់ដែលកំពុងតែវិវឌ្ឍស្របតាមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្នុងកិច្ចប្រជុំនេះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្កត់ធ្ងន់ថា «ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានត្រូវតែរក្សានូវមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាពជាក់ស្ដែង អំឡុងពេលដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនានា ក្នុងភូមិសាស្ត្រនយោបាយ ព្រមទាំងត្រូវផ្ដោតសារៈសំខាន់ទៅលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាបន្ន» ។
លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមអំពីភាពចាំបាច់ ក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និងបរិយាបន្ន ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជាជាមួយដៃគូខាងក្រៅនានា។ លើសពីនេះទៀត លោកក៏បានបញ្ជាក់បន្ថែមថា អាស៊ានត្រូវតែស្វែងរកប្រភពកំណើនថ្មីៗ ដូចជា តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត ៕