ព័ត៌មានជាតិ

កម្ពុជា សង្កត់ធ្ងន់​ លើគុណសម្បត្តិ វិធីសាស្រ្ត មកមុនទទួលមុន ជំរុញឲ្យរដ្ឋមានអាវុធ នុយក្លេអ៊ែរ ចុះហត្ថលេខា ដោយគ្មាន “ខបម្រុង”

រូបភាព ៖ វេបសាយ asean.org

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) នៅទីក្រុងហ្សាការតា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសង្កត់ធ្ងន់ លើគុណសម្បត្តិនៃវិធីសាស្រ្ត «មកមុនទទួលមុន» សម្រាប់ការចុះហត្ថលេខា លើពិធីសារនៃសន្ធិសញ្ញា SEANWFZ ដោយគ្មាន “ខបម្រុង” ដើម្បីជំរុញដល់រដ្ឋ ដែលមានអាវុធ នុយក្លេអ៊ែរផ្សេងទៀត ចុះហត្ថលេខាជាបន្តបន្ទាប់ ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្រ របស់កម្ពុជា ចំពោះការស្ម័គ្រចិត្តរបស់ចិន ក្នុងការចុះហត្ថលេខាលើពិធីសារនេះមុនគេ ដោយគ្មាន “ខបម្រុង” ហើយដូចបានស្នើ ដោយប្រធានអាស៊ាន ការចុះហត្ថលេខាលើពិធីសារខាងលើ អាចនឹងធ្វើឡើងក្នុងអំឡុង ពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅខែកញ្ញា ឆ្នាំនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១២ កក្កដានេះ បានឲ្យដឹងថា កិច្ចប្រជុំបានប្តេជ្ញាចិត្តសារជាថ្មី ចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀត ដូចបានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា SEANWFZ ហើយ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសន្ធិសញ្ញានេះ រួមទាំងការអនុវត្តផែនការសកម្មភាព (២០២៣-២០២៧)ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំបានអនុម័តឯកសារទស្សនទាន ស្តីពីលទ្ធភាពនៃគំនិតផ្តួចផ្តើមរួមគ្នារវាង ទីភ្នាក់ងារសម្រាប់ការហាមឃាត់ អាវុធនុយក្លេអ៊ែរ នៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន (OPANAL) និងអាស៊ានក្នុងឆ្នាំ២០២៣នេះ ក្នុងគោលដៅលើកកម្ពស់ កិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្ត រវាងតំបន់គ្មានអាវុធ នុយក្លេអ៊ែរទាំងពីរ ៕

To Top