ព័ត៌មានជាតិ

កម្ពុជា ស្នើ AICHR ពិចារណា រៀបចំរបាយការណ៍ប្រចាំឆ្នាំ អាស៊ានសម្រេចបាន ក្នុងកិច្ចការពារ និងលើកកម្ពស់ សិទ្ធិមនុស្ស

រូបភាព៖ វេបសាយ asean.org

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ស្នើឲ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) ពិចារណាអំពីការរៀបចំ និងបោះពុម្ពរបាយការណ៍ប្រចាំឆ្នាំ ដែលចងក្រងសកម្មភាព និង កម្មវិធីនានា ដែលអាស៊ាន និងប្រទេសសមាជិក អាស៊ាននីមួយៗ សម្រេចបាន ក្នុងកិច្ចការពារ និងការលើកកម្ពស់ សិទ្ធិមនុស្ស នៅក្នុងប្រទេសរៀងៗខ្លួន ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១២ កក្កដានេះ បានឲ្យដឹងថា ក្នុងជំនួប រវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាង AICHR នាថ្ងៃទី១១ កក្កដា នៅទីក្រុងហ្សាកាតា រដ្ឋមន្រ្តីការបរទេសអាស៊ាន បានកត់សម្គាល់លើ របាយការណ៍ប្រចាំឆ្នាំ២០២៣ (ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៣) របស់ AICHR និងបានអនុម័តកម្មវិធីឬសកម្មភាព អាទិភាពរបស់ AICHR ក្នុងឆ្នាំ២០២៤ ក្នុងគោលដៅពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងដល់ការលើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្សក្នុងតំបន់។

នាឱកាសនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកទស្សនថា ដោយហេតុអាស៊ានមានវប្បធម៌សម្បូរបែប និងផ្នែកនយោបាយចម្រុះ ប្រទេសសមាជិកអាស៊ាននីមួយៗមានយុទ្ធសាស្រ្តពាក់ព័ន្ធទៅនឹងកិច្ចការសិទ្ធិមនុស្សផ្សេងៗគ្នា ក្នុងការជំរុញរបៀបវារៈសង្គម និងបរិបទរៀងៗខ្លួន។

បន្ទាប់ពីជំនួប រវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាង AICHR បានបញ្ចប់លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសទទួល ជួបទ្វេភាគីជាមួយលោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ និងលោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មព្រុយណេទី២ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ព្រមទាំងបានផ្លាស់ប្តូរទស្សន អំពីបញ្ហានានា ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ៕

To Top