ព័ត៌មានជាតិ

ចិន ព្រមានប្រឆាំង នឹងអង្គការណាតូ ក្នុងការពង្រីកខ្លួនចូលមកអាស៊ីប៉ាស៊ីហ្វិក

បរទេស៖ រដ្ឋាភិបាលចិនបានជំរុញឱ្យអង្គការណាតូ កុំពង្រីកខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយព្រមានថា ចិននឹងសងសឹកចំពោះការបង្កើនវត្តមានយោធារបស់លោកខាងលិចនៅក្នុងតំបន់នេះ បន្ទាប់ពីសម្ព័ន្ធភាពយោធាលោកខាងលិចនេះ បានរិះគន់ទីក្រុងប៉េកាំងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុងប្រទេសលីទុយអានី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បេសកកម្មរបស់ប្រទេសចិនប្រចាំនៅសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់អង្គការណាតូ ដែលបានចោទទីក្រុងប៉េកាំងថា បានបន្ត “គោលនយោបាយបង្ខិតបង្ខំ” ដែល “ប្រកួតប្រជែង” ផលប្រយោជន៍លោកខាងលិច។

អ្នកការទូតចិនបាននិយាយថា “ខ្លឹមសារដែលទាក់ទងនឹងប្រទេសចិននៃសេចក្តីថ្លែងការណ៍មិនយកចិត្តទុកដាក់លើការពិតជាមូលដ្ឋាន ដោយចេតនាចង់បង្ខូចគោលជំហរ និងគោលនយោបាយរបស់ចិន និងបង្ខូចកេរ្តិ៍ឈ្មោះចិនដោយចេតនា។ យើងប្រឆាំងនិងបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ»។

សេចក្តីថ្លែងការណ៍បានបន្តសន្យាថា ទីក្រុងប៉េកាំងនឹង “ការពារអធិបតេយ្យភាពរបស់ខ្លួន” និងប្រឆាំងនឹង “ការពង្រីកទៅទិសខាងកើតរបស់ណាតូ ចូលទៅក្នុងអាស៊ីប៉ាស៊ីហ្វិក” ។ ចិនបានបន្ថែមថា “សកម្មភាពណាមួយដែលបំផ្លាញសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់”៕ ប្រែសម្រួលៈ ណៃ តុលា

រូពភាព៖ xinhua

To Top