ព័ត៌មានជាតិ

គំនិតផ្តួចផ្តើមស្តីពី អូស្ត្រាលី ដើម្បីអនាគតអាស៊ានផ្ដល់ផលប្រយោជន៍ធំធេងដល់ប្រជាជនអាស៊ាន និងអូស្ត្រាលី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមស្តីពី អូស្ត្រាលីដើម្បីអនាគតអាស៊ាន (Aus4ASEAN Futures Initiatives) បានផ្ដល់ផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជនរបស់អាស៊ាន និងអូស្ត្រាលី ។

ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលី នាថ្ងៃទី១៣ កក្កដា អាស៊ានបានកោតសរសើរចំពោះវឌ្ឍនភាពគន្លឹះសំខាន់ៗ ដែលបានផ្តល់ជូនក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី (CSP) តាមរយៈកញ្ចប់នៃគំនិតផ្តួចផ្តើមអូស្ត្រាលី សម្រាប់អាស៊ាន (Aus4ASEAN) រួមមាន គំនិតផ្តួចផ្តើមស្តីពី អូស្ត្រាលីដើម្បីអនាគតអាស៊ាន (Aus4ASEAN Futures Initiatives) ដែលមានទឹកប្រាក់ចំនួន ២០៤លានដុល្លារអូស្ត្រាលី កម្មវិធី អាហារូបករណ៍ (Aus4ASEAN) ចំនួន១០០កន្លែង និងគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីធ្វើបរិវត្តកម្ម ឌីជីថល និងអនាគតជំនាញអាស៊ាន។

កិច្ចប្រជុំក៏បានទន្ទឹងរង់ចាំនូវការរៀបចំកិច្ចប្រជុំកំពូលពិសេសដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី ដែលនឹងបង្កើតបានជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រមួយបន្ថែមទៀត នៃភាពជាដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

នាឱកាសនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលស្គាល់ថា «AANZFTA បានផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់អាស៊ាន និងអូស្ត្រាលី និងបានអះអាងសារជាថ្មីពីសារៈសំខាន់ នៃការចុះហត្ថលេខាលើពិធីសារលើកទី២ ដើម្បីធ្វើវិសោធនកម្មដំឡើងកម្រិតកិច្ចព្រមព្រៀងនេះ» ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មានភាពស៊ីសង្វាក់គ្នាសំខាន់ៗរវាងផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងកម្មវិធីអូស្ត្រាលីដើម្បីអនាគតអាស៊ានស្តីពី សេដ្ឋកិច្ចនិងការតភ្ជាប់ និងគំនិតផ្ដួចផ្ដើមភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ៕

To Top