ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន កាលពីថ្ងៃទី១៣ កក្កដា នៅឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះសេចក្តីប្រកាសរួមស្តីពី កិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមករវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងទស្សនវិស័យអាស៊ានស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនឹងត្រូវអនុម័ត ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៦ នៅខែកញ្ញា ឆ្នាំ២០២៣ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ដោយផ្អែកលើមូលដ្ឋានរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយអាស៊ាន-ចិន ដែលបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំបានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការទំនាក់ទំនងស៊ីជម្រៅបន្ថែមទៀត និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីរក្សាភាពជាដៃគូប្រកបដោយថាមពល ខ្លឹមសារ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
អាស៊ានបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចិន ចំពោះមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត និងបានរំឭកថា ចិនគឺជាដៃគូសន្ទនាដំបូងគេមួយក្នុងចំណោមដៃគូសន្ទនាអាស៊ាន ដែលបានចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កាលពីខែតុលា ឆ្នាំ២០០៣។ ក្នុងស្មារតីនេះ កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួមស្ដីពី ការអបអរសាទរនិងឆ្លុះបញ្ចាំងពីខួបអនុស្សាវរីយ៍លើកទី២០ នៃការចូលជាភាគីនៃ TAC របស់ចិន។
ដោយមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យអាស៊ានក្លាយជាចំណុចស្នូលនៃកំណើន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់ការចរចាលើកកម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) និងការចូលជាធរមាននាពេលថ្មីៗនេះនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP)។
នាឱកាសនោះដែរឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាននិងចិន ក្នុងការបញ្ចប់ការពិនិត្យពិភាក្សាជុំទី២ នៃសេចក្តីព្រាងអត្ថបទចរចាតែមួយស្តីពី ក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង ៕