ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​ខ្មែរ៖ អាស៊ានបូកបី គួរយកចិត្តទុកដាក់លេីអាទិភាពសំខាន់៣ ដេីម្បីបង្កើនសមត្ថភាព និងឆ្លើយតបបញ្ហាប្រឈមនានាក្នុងតំបន់

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីការបរទេស​ខ្មែរ បានលេីកឡេីងថា អាស៊ានបូកបី គួរយកចិត្តទុកដាក់លេីការងារអាទិភាពសំខាន់ៗចំនួន៣ ដេីម្បីបង្កើនសមត្ថភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់ ទាំងពេលបច្ចុប្បន្ននិងពេលអនាគត ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៤ នាថ្ងៃទី១៣ កក្កដា បានគូសបញ្ជាក់ជាថ្មីអំពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចខិតខំប្រឹងប្រែងការកសាងសហគមន៍។

កិច្ចប្រជុំគូសបញ្ជាក់អំពីតម្រូវការជាចាំបាច់ក្នុងការបង្កើនសមត្ថភាព និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់ ទាំងពេលបច្ចុប្បន្ននិងពេលអនាគត ដើម្បីជំរុញភាពធន់នៃការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកបរិយាប័ន្ន សមធម៌ និងស្ថិរភាពនៃកំណើន។

ពាក់ព័ន្ធនឹងបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលេចនូវអាទិភាពចំនួន៣ ដែលអាស៊ានបូកបី គួរយកចិត្តទុកដាក់៖

ទី១ ការពង្រឹងតួនាទីនៃគំនិតផ្ដួចផ្ដើមឈៀងម៉ៃស្ដីពី ពហុភាគីនិយម (CMIM) និងការគាំទ្រការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ ។

ទី២ ការពង្រឹងយន្តការនៃការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់អាស៊ានបូកបី ដើម្បីធានាសន្តិសុខស្បៀងនៅក្នុងតំបន់ ន។

ទី៣ ការជំរុញវិស័យថាមពលក្នុងក្របខ័ណ្ឌអាស៊ានបូកបី ដើម្បីដោះស្រាយវិបត្តិថាមពលនាពេលបច្ចុប្បន្ន និងការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលទៅជាប្រភពថាមពលជំនួសផ្សេងទៀត ដែលអាចប្រើប្រាស់បានក្នុងរយៈពេលវែងប្រកបដោយភាពនវានុវត្តន៍៕

To Top