ព័ត៌មានជាតិ

បទវិភាគ៖ ការវិនិយោគនៅប្រទេសចិន គឺជាការវិនិយោគដើម្បីថ្ងៃអនាគត

ចាប់ពីចូលឆ្នាំនេះមក ដើមទុនបរទេស បាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន។
ជំនឿចិត្តរបស់ពួកគេត្រូវបានកំណត់បញ្ជាក់បន្ថែមទៀតនៅក្នុងទិន្នន័យសេដ្ឋកិច្ចជាតិឆមាសទី១ឆ្នាំ២០២៣ ដែលចេញផ្សាយដោយរដ្ឋាភិបាលចិន នៅថ្ងៃទី១៧ខែកក្កដា។តាមរយៈការគណនាជាជំហានដំបូង GDPរបស់ប្រទេសចិនក្នុងឆមាសទី១ឆ្នាំ២០២៣មានចំនួន៥៩,៣០៣៤ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

ល្បឿនកំណើននេះគឺលឿនជាងអង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍សំខាន់ៗលើពិភពលោក ហើយប្រទេសចិន បន្តក្លាយជាក្បាលម៉ាស៊ីន នៃកំណើនពិភពលោកទាំងមូលតទៅទៀត។
បើនិយាយចំពោះដើមទុនបរទេស ជាបឋម ប្រការនេះមានន័យថា ចិនមានឱកាសទីផ្សារដ៏ធំធេង។

បើមើលពីទីផ្សារប្រើប្រាស់អាឃើញថា ក្នុងឆមាសទី១ឆ្នាំ២០២៣ ទំហំសរុប នៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមប្រទេសចិន មានចំនួន២២.៧៥៨៨ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើង៨.២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ហើយបានកើនឡើង២.៤ភាគរយបើប្រៀបធៀបនឹងត្រីមាសទី១ឆ្នាំ២០២៣។

អ្វីដែលដើមទុនបរទេសទទួលបានគឺជាប្រាក់ចំណូលពិត។ យោងតាមការគណនាពីរដ្ឋបាលជាតិ គ្រប់គ្រងរូបិយប័ណ្ណ នៃប្រទេសចិន ឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ អត្រាទទួលបានផលតម្រៃ នៃការវិនិយោគទុនរបស់ពាណិជ្ជករបរទេសនៅប្រទេសចិន មានចំនួន៩.១ភាគរយ បើវិនិយោគនៅអឺរ៉ុបនិងអាមេរិកណុះ ទិន្នន័យនេះប្រហែលជា៣ភាគរយ រីឯអង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីគឺប្រហែលពី៤ភាគរយទៅ៨ភាគរយ។

តាំងពីចូលឆ្នាំ២០២៣នេះមក ប្រទេសចិន បានជំរុញយ៉ាងសកម្មនូវការកសាងប្រព័ន្ធទីផ្សារប្រកបដោយស្តង់ដារខ្ពស់ ពន្លឿនការកសាងទីផ្សារបង្រួបបង្រួមទូទាំងប្រទេស ពង្រីកការបើកចំហផ្នែកប្រព័ន្ធរបបជាលំដាប់ ហើយពន្លឿនការបង្កើតបរិយាកាសធ្វើពាណិជ្ជកម្មដែលប្រកបដោយលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម។ ក្នុងបរិបទបែបនេះអ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃសហគ្រាសពហុជាតិដូចជាMicrosoft Appleនិងក្រុមហ៊ុនប្រេងកាតជាតិអារ៉ាប៊ីសាអូឌីតជាដើមសុទ្ធតែបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន។

នាពេលបច្ចុប្បន្ន “ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ការដំណើរការ នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល” បានក្លាយទៅជាចំណុចឯកភាពរួមរបស់ឥស្សរជនអន្តរជាតិជាច្រើន។

ក្នុងឆមាសទី១ឆ្នាំ២០២៣ ទំហំសរុប នៃការនាំចេញនាំចូលពាណិជ្ជកម្មទំនិញរបស់ប្រទេសចិន មានចំនួន២០.១ទ្រីលានយាន់ប្រាក់ចិន ដែលលើសពី២០ទ្រីលានយាន់ប្រាក់ចិន ជាលើកដំបូងនៅក្នុងរយៈពេលដូចគ្នា នៃប្រវត្តិសាស្ត្រ ដែលកើនឡើង២.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ក្នុងបរិបទនៃការបង្អង់ល្បឿនយ៉ាងខ្លាំង នៃតម្រូវការអន្តរជាតិ សមិទ្ធផលនេះគឺទទួលបានដោយមិនងាយទេ។

ប្រទេសចិនបានដើរតួនាទីដ៏សំខាន់ ក្នុងអភិបាលកិច្ចសកលជាបន្តបន្ទាប់ ហើយក៏បាននាំមកនូវភាពងាយស្រួលជាច្រើនដល់ទុនបរទេសផងដែរ។
ពេលថ្មីៗនេះ ការចរចាអំពីខ្លឹមសារនៃ《កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួល នៃការវិនិយោគទុន》របស់អង្គការពាណិជ្ជកម្មពិភពលោកបានបញ្ចប់។
ប្រសិនបើកិច្ចព្រមព្រៀងនេះអាចចូលជាធរមាននិងត្រូវបានអនុវត្តដោយរលូន នោះនឹងនាំមក នូវផលកម្រែខាងសេដ្ឋកិច្ចរហូតដល់១ទ្រីលានដុល្លារអាមេរិក ដល់ពិភពលោកទាំងមូល។

នាពេលបច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនដូចជាអតិផរណាខ្ពស់ ការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពលនិងស្បៀងអាហារជាដើម “ស្ថិរភាព”បានក្លាយទៅជាធនធានដ៏កម្រ។ អ្វីដែលប្រទេសចិនបានផ្តល់ឱ្យ គឺភាពប្រាកដប្រជាបែបនេះហ្នឹងឯង។

ទោះបីជាមជ្ឈដ្ឋានខាងក្រៅមានភាពកាន់តែស្មុគ្រស្មាញនិងតឹងរ៉ឹង ហើយការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកក៏ប្រឈមមុខនឹងកម្លាំងសម្ពាធក៏ដោយ តែនិន្នាការទូទៅ នៃសេដ្ឋកិច្ចចិន
ដែលមានភាពល្អប្រសើរក្នុងរយៈពេលយូរមិនប្រែប្រួលទេ ហើយលក្ខណៈ ពិសេស នៃសេដ្ឋកិច្ចចិន ដែលប្រកបដោយភាពធន់ដ៏រឹងមាំ សក្ដានុពលធំនិងភាពរស់រវើកដ៏ខ្លាំង ក៏មិនបានប្រែប្រួលផងដែរ។
ដូច្នេះ វាអាចយល់ដោយងាយៗថា ហេតុអ្វីបានជាសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយថា “ការវិនិយោគនៅប្រទេសចិន គឺជាការវិនិយោគដើម្បីថ្ងៃអនាគត”៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top