ព័ត៌មានជាតិ

KOICA ប្ដេជ្ញាពង្រីក ជំនាញវិជ្ជាជីវៈ ក្នុងផ្នែកប្រព័ន្ធ ទំនាក់ទំនង បច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បានប្ដេជ្ញាពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើការកសាងជំនាញវិជ្ជាជីវៈ ក្នុងផ្នែកប្រព័ន្ធទំនាក់ទំនង បច្ចេកវិទ្យាដល់យុវជនកម្ពុជា និងពាំនាំបទពិសោធន៍ នៃការអភិវឌ្ឍជំនាញ នៅប្រទេសខ្លួន មកបណ្ដុះបណ្ដាល ដល់ប្រជាជនកម្ពុជា ។

ការប្ដេជ្ញានេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Rho Hyun Jun នាយកទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា នាព្រឹកថ្ងៃ១៩ កក្កដា ។

នាឱកាសនោះលោករដ្ឋមន្ត្រី បង្ហាញការពេញចិត្ត ចំពោះការចូលរួមអភិវឌ្ឍន៍ វិស័យអប់រំបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ពីសំណាក់ដៃគូអង្គការ KOICA ខណៈសាធារណរដ្ឋកូរ៉េ ក៏មានការរីកចម្រើន លើវិស័យបច្ចេកវិទ្យា នៅលើពិភពលោកផងដែរ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីសង្ឃឹមថា ភាគីសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA នឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យ TVET នៅកម្ពុជាបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍធនធានមនុស្សលើវិស័យ TVET ឲ្យកាន់តែឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារ ។

លោក Rho Hyun Jun ប្តេជ្ញាចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបណ្តុះបណ្តាលធនធានមនុស្សជាបន្តទៀត។ លោកនាយកបានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានចាត់ទុកកម្ពុជា ជាប្រទេស សំខាន់បំផុតទី២ នៅក្នុងតំបន់ក្នុងការជួយ អភិវឌ្ឍជំនាញ TVET ហើយក៏បានប្ដេជ្ញា ពាំនាំបទពិសោធន៍ នៃការបណ្ដុះបណ្ដាលជំនាញនៅប្រទេសខ្លួន មកជួយបណ្ដុះបណ្ដាលដល់ ប្រជាជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជីវភាពប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។

គួរបញ្ជាក់ថា គម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET) នៅកម្ពុជាអនុវត្ត រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៧ ដែលមានគោលបំណងរួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អ កម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាព គ្រូបច្ចេកទេសក្នុងវិស័យ ICT ៕

To Top