ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិន ប្តេជ្ញាជួយកម្ពុជា តាមរយៈការកសាងផែនការ ១០ឆ្នាំទៅមុខទៀត​​ ក្នុងឱកាសខួប៦៥ឆ្នាំ​​ នៃទំនាក់ទំនងប្រទេសទាំងពីរ

ភ្នំពេញ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា​ ក្នុងឱកាសជួបសំណេះជាមួយនិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាស្ថានទូតចិន ក្នុងឱកាសខួប៦៥ឆ្នាំ ទំនាក់ទំនង កម្ពុជា-ចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងនូវការប្តេជ្ញាចិត្តរបស់ចិន ក្នុងការជួយប្រទេសកម្ពុជា តាមរយៈការកសាងនូវផែនការរយៈពេល១០ឆ្នាំទៅមុខទៀត នៅក្នុងការជម្រុញ ឲ្យប្រទេសទាំង២ក្លាយទៅជា ជោគវាសនាសហគមតែមួយ

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានធ្វើការគូសបញ្ជាក់ថា អំពីការប្តេជ្ញាចិត្តរបស់ចិន នៅក្នុងការជួយប្រទេសកម្ពុជា តាមរយៈការកសាងនូវផែនការ​ រយៈពេល១០ឆ្នាំទៅមុខទៀត នៅក្នុងការជម្រុញឲ្យប្រទេសទាំង២ ក្លាយទៅជាជោគវាសនាសហគមតែមួយ ជាពិសេសប្រទេសកម្ពុជា​ នឹងក្លាយជាប្រទេសគំរូមួយ នៅលើពិភពលោក នៅក្នុងក្របខណ្ឌ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលជាក្របខណ្ឌសេដ្ឋកិច្ច ដ៏ធំសម្បើមរបស់ចិន ក្រោមការដឹកនាំ របស់លោកប្រធានាធិបតីចិន ។

ក្នុងឱកាសនោះ យុវតីមួយរូប ឈ្មោះ អ៊ុំ ស្រីនិច និស្សិតផ្នែកទំនាក់ទំនង អន្តរជាតិ មកពីសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប​ ដែលបានចូលរួម ក្នុងពិធីសំណេះសំណាលនេះ បានឲ្យដឹងថា បន្ទាប់ពីបានចូលរួមពិធីនេះរួច ខ្លួនបានយល់កាន់តែច្បាស់ជាងមុនថែមទៀត នូវការលើកឡើងអំពីទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ចិន របស់លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា​ ។ ជាមួយគ្នានោះ យុវតីរូបនេះ បានបង្ហាញនូវទស្សនខ្លួនថា ដោយសារប្រទេសយើង នៅត្រូវការកិច្ចជ្រុំជ្រែង​ ពីមិត្តបរទេស ដើម្បីការអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនទៅមុខបន្តទៀត ដូច្នេះហើយកិច្ចសហប្រតិបត្តការរវាងកម្ពុជា និងចិន ពិតជាមានសារៈសំខាន់ ។

គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ​ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជានិងចិន ដែលបាន គូសបញ្ជាក់ យ៉ាងច្បាស់ថា កម្ពុជានិងចិន គឺជាអ្នកជិតខាងល្អ និងជាមិត្តពិតប្រាកដដែល ស្គាល់ចិត្តគ្នា ទៅវិញទៅមក ជាអ្នកត្រួសត្រាយនិង ជាអ្នកអនុវត្តជាគំរូ ក្នុងការកសាងសហគមន៍វាសនារួម នៃមនុស្សជាតិ ហើយបន្ថែមពីលើនេះ ក្រោមការណែនាំ ជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូល របស់ប្រទេសទាំងពីរ កិច្ចកសាងសហគមន៍វាសនារួម រវាងកម្ពុជានិងចិន ដែលប្រកបដោយគុណភាព និងស្ដង់ដារកម្រិតខ្ពស់ ក្នុងយុគសម័យថ្មី នឹងបន្តលើកកម្ពស់ ឱ្យកាន់តែស៊ីជម្រៅ មានស្ថិរភាព ដែលបានជំរុញល្បឿន ទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្នុងរយៈពេល៦៥ឆ្នាំមកនេះ បានទទួល ការអភិវឌ្ឍយ៉ាងច្រើនអនេក ។ នេះបើតាមការលើកឡើង របស់បណ្ឌិត ជា មុនីឫទ្ធិ​ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ៕

To Top