ភ្នំពេញ ៖ លោក ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចយកផេកហ្វេសប៊ុកសម្ដេចតេជោ (Samdech Hun Sen, Cambodian Prime Minister) មកប្រើឡើងវិញ ក្រោយហ្វេសប៊ុកសម្តេចបានអាកខាននូវរាល់សកម្មភាពនានាអស់ប្រមាណជា១ខែមកនេះ។ ការយកមកប្រើវិញត្រូវបានលោក ដួង តារាអះអាងថា ដើម្បីទុកបន្តប្រើជាប្រយោជន៍សង្គមជាតិ ទោះបីសម្តេចតេជោមិនប្រើក៏ដោយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោក ដួង តារា បញ្ជាក់ថា «ខ្ញុំសម្រេចយកផេកសម្តេចមកវិញ ទោះបីសម្តេចមិនប្រើក៏ដោយ …កាងារ១៣ឆ្នាំ» ។ ស្របពេលជាមួយគ្នានេះដែរ ក្នុងផេកហ្វេសប៊ុកមានគណនីឈ្មោះ Page “ Samdech Hun Sen, Cambodian Prime Minister” ក៏បានផ្សាយខ្លឹមសារដូចគ្នានឹងលោកដួង តារាដែរ។
ជាមួយគ្នានោះ តាមរយៈហ្វេសប៊ុកលោក ដួង តារា ក៏បានសរសេររៀបរាប់ថា «កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១០ (មុនខ្ញុំចូលបម្រើការងារជូន សម្តេចតេជោនាយករដ្ឋមន្រ្តី) ខ្ញុំបានបង្កើត Page “ Samdech Hun Sen, Cambodian Prime Minister នេះដើម្បីទុកប្រគល់ជូនសម្តេច សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសដើម្បីបានដឹងអំពីសុខទុក្ខពលរដ្ឋដោយផ្ទាល់តាមរយៈសំណូមពរ និងមតិយោបល់តាមរយៈផេកនេះ» ។
លោកបន្ថែមថា ដោយសារលោកបានឃើញ អំពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនងសង្គម Facebook នេះ ទើបលោកសម្រេចបង្កើត Page នេះឡើងទុកជូន សម្តេច យកទៅប្រើជាប្រយោជន៍ប្រទេសជាតិ។
ជំនួយការផ្ទាល់សម្ដេចតេជោ សង្កត់ធ្ងន់ថា «ខ្ញុំមិនចង់បាត់បង់ផេកដ៏សំខាន់ ដែលខ្ញុំបានប្រើពេល ១៣ឆ្នាំកន្លងមកនេះឡើយ។ ខ្ញុំបានសម្រេចចិត្តយកមកប្រើឡើងវិញ និងសូមស្នើសុំរក្សាផេកនេះ ទុកបន្តប្រើជាប្រយោជន៍សង្គមជាតិ ទោះបីសម្តេចតេជោមិនប្រើក៏ដោយ។ សូមសាធារណៈជនមេត្តាជ្រាបជាដំណឹង។ ដោយក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ ដួង តារា» ៕