ព័ត៌មានជាតិ

ប្រភព៖ បក្សភឿថៃ ប្រមូលការគាំទ្រគ្រប់គ្រាន់ រួមទាំងសំឡេងពីសមាជិកព្រឹទ្ធសភា ២៥០នាក់ ដែលស្និទ្ធជាមួយឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវុន

បរទេស៖ គណបក្សភឿថៃបានលេចមុខនៅក្នុងជំហរដើម្បីបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីសភាកាលពីថ្ងៃពុធ បានច្រានចោលការប៉ុនប៉ងដើម្បីតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) លោក Pita Limjaroenrat សម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រី ដោយលើកឡើងពីបទប្បញ្ញត្តិនៃកិច្ចប្រជុំសភា។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការជជែកដេញដោលជាង៧ម៉ោងលើថាតើបទប្បញ្ញត្តិលេខ ៤១ អាចត្រូវបានអនុវត្តប្រឆាំងនឹងការតែងតាំងរបស់លោក Pita ដែរឬទេ, ភាគច្រើននៃសមាជិកសភា និងសមាជិកព្រឹទ្ធសភារួមគ្នាបានបោះឆ្នោតគាំទ្របទប្បញ្ញត្តិនេះ។

គណបក្ស ប៊ុមចៃថៃ, គណបក្សប៉ាឡាំង ប្រាឆារ៉ាត់ និងគណបក្ស ឆាតថៃប៉ាថាណា ដែលជាផ្នែកមួយនៃរដ្ឋាភិបាលដែលជិតផុតអាណត្តិ បានប្រឆាំងនឹងផែនការរបស់គណបក្ស ចលនាឆ្ពោះទៅមុខ ក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថាជាច្បាប់ប្រមាថមហាក្សត្រ។

គណបក្សទាំង៣នេះបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនចូលរួមជាមួយរដ្ឋាភិបាលណាមួយឡើយ ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខ នៅតែស្ថិតនៅជាផ្នែកមួយមួយនេះ។

បន្ទាប់ពីជំនួបនេះ មេដឹកនាំគណបក្សភឿថៃ លោក ចូលណាន់ ស្រីកែវ បាននិយាយថា “នៅពេលនេះ គណបក្សភឿថៃ នៅតែចាប់ដៃជាមួយសម្ព័ន្ធមិត្តដទៃទៀត។ ទោះបីជា MoU នឹងត្រូវបានកែសម្រួល ឬយ៉ាងណា លោកថា ខ្ញុំមិនអាចផ្តល់ព័ត៌មានលម្អិតនៅឡើយទេ ព្រោះសម្ព័ន្ធទាំងប្រាំបីត្រូវតែពិភាក្សាគ្នាជាមុនសិន។ យើងក៏នឹងពិភាក្សាដែរថាតើភាគីបន្ថែមទៀតនឹងត្រូវនាំចូល ឬអត់»។

លោកបណ្ឌិត ចូលណាន់ ក៏បាននិយាយផងដែរថា ប្រធានសភា គឺលោក វ៉ាន់ មូហាម៉េដ ណ ម៉ាថា (Wan Muhamad Noor Matha) បានកំណត់ពេលជុំបន្ទាប់នៃការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

មេដឹកនាំគណបក្ស ប៊ុមចៃថៃ លោក អានុទីន ចាន់វីរៈគុល កាលពីថ្ងៃពុធបានរំលឹកឡើងវិញនូវជំហររបស់គណបក្សលោកប្រឆាំងនឹងការប៉ុនប៉ងធ្វើវិសោធនកម្មមាត្រា ១១២ ។ លោកបាននិយាយថា “ប្រសិនបើគណបក្សភឿថៃក្លាយជាអ្នកដឹកនាំក្នុងការបង្កើតរដ្ឋាភិបាល ប៉ុន្តែក្រុមចម្រុះនៅតែរួមបញ្ចូលគណបក្សចលនាឆ្ពោះទៅមុខ ដែលគ្រោងនឹងធ្វើវិសោធនកម្មមាត្រា១១២ នោះខ្ញុំនឹងមិនចូលរួមជាមួយទេ។ ខ្ញុំក៏មិនចង់បានរដ្ឋាភិបាលសំឡេងភាគតិចដែរ” ។

មេដឹកនាំគណបក្ស ឆាតថៃប៉ាតាណា លោក វ៉ារ៉ាវុធ ស៊ីលប៉ា អាឆា ក៏បាននិយាយផងដែរថា គណបក្សរបស់លោកនឹងមិនធ្វើកិច្ចការជាមួយគណបក្សចលនាឆ្ពោះទៅមុខនោះទេ ដរាបណាគណបក្សនេះនៅតែទទូចឱ្យធ្វើវិសោធនកម្មមាត្រា ១១២។ នៅពេលសួរថាតើគណបក្សនឹងចូលរួមជាមួយសម្ព័ន្ធថ្មីដែលដឹកនាំដោយគណបក្សភឿថៃឬយ៉ាងណានោះ លោក វ៉ារ៉ាវុធ បាននិយាយថា វាឆាប់ពេកក្នុងការពិភាក្សាអំពីបញ្ហានេះ។

ប្រភពមួយនៅគណបក្សភឿថៃបាននិយាយថា គណបក្សគួរតែទទួលយកឱកាសក្នុងការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួនសម្រាប់ការបោះឆ្នោតជុំបន្ទាប់ ក្រោយពីការតែងតាំងរបស់លោក Pita ត្រូវបានច្រានចោល។

ប្រភពបាននិយាយថា ភឿថៃឥឡូវនេះបានប្រមូលការគាំទ្រគ្រប់គ្រាន់ពីគណបក្ស ប៊ុមចៃថៃ គណបក្សប៉ាឡាំង ប្រាឆារ៉ាត់ និងគណបក្ស ឆាតថៃប៉ាថាណា ជាមួយនឹងចំនួនសមាជិកសភា ២៨២រូប បញ្ចូលគ្នាដើម្បីបង្កើតរដ្ឋាភិបាលដែលមានស្ថិរភាព។ ប្រភពបាននិយាយទៀតថា ភាគច្រើននៃសមាជិកព្រឹទ្ធសភាចំនួន ២៥០នាក់ ដែលត្រូវបានគេដឹងថាមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំគណបក្សរបស់លោកឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវុន ក៏ត្រូវបានគេរំពឹងថា នឹងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយគណបក្សភឿថៃផងដែរ។

ប្រភពបានបន្ថែមថា ចំពោះគណបក្សចលនាឆ្ពោះទៅមុខវិញ នឹងមិនត្រូវបានបង្ខំឱ្យចេញពីសម្ព័ន្ធថ្មីដែលនឹងដឹកនាំដោយភឿថៃ នោះទេ ប៉ុន្តែយើងនឹងអនុញ្ញាតឱ្យបក្សនេះគិតដោយខ្លួនឯងថាតើវាគួរតែជាផ្នែកមួយនៃក្រុមចម្រុះដែរឬទេ ព្រោះនេះនឹងនាំឱ្យមានការជាប់គាំង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top