ព័ត៌មានជាតិ

ប្រធានគណបក្ស បំណងពលរដ្ឋ ទុកឱកាសឲ្យពលរដ្ឋ ស្វែងយល់ពីបក្ស ដោយខ្លួនឯង

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ លោក អ៊ិត សារម្យ ប្រធានគណបក្សបំណង ពលរដ្ឋ ដែលទើបតែឈានជើង ចូលប្រកួតប្រជែង ដណ្តើមសន្លឹកឆ្នោត ជាមួយគណបក្សទាំង ១៧ផ្សេងទៀត បានថ្លែងថា លទ្ធផលបោះ ឆ្នោតយ៉ាងណាស្ថិតលើពលរដ្ឋ ជាម្ចាស់ឆ្នោតជាអ្នកកំណត់ និងសម្រេច ដោយលោកមិនសន្និដ្ឋាន ទុកជាមុនទេ ។

តាមរយៈសំណួររបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយគណបក្សបំណងពលរដ្ឋអំពីសង្ឃឹមបក្សទទួលបានអាសនៈ ឬជាប់ឆ្នោតយ៉ាងណានោះ? លោកថា មិនសន្និដ្ឋាន ទុកជាមុនទេ គ្រាន់តែលោកតបថា “គណបក្សបំណងពលរដ្ឋ ទុកឱកាសឲ្យពលរដ្ឋស្វែងយល់ ពីសាវតារបស់គណបក្សបំណងពលរដ្ឋ ហើយធនធានមនុស្សដែលដឹកនាំគណបក្សបំណងពលរដ្ឋ មានគោលបំណងចូលរួមកសាង អភិវឌ្ឍន៍ប្រទេសជាតិ ។ អាហ្នឹងទុកឱកាសមួយឲ្យបងប្អូនជាអ្នក តាមដានស្វែងយល់ដោយខ្លួនឯង និងការធ្វើការសម្រេចចិត្តចុះ” ។

ក្នុងនាមជាប្រធានបក្សបានបង្កើតឡើងតាំងពីដើមឆ្នាំ២០១៩លោក អ៊ិត សារម្យបន្តថា គណបក្សបានទុកឱកាសឲ្យពលរដ្ឋឈរជាម្ចាស់ប្រទេស ដោយត្រូវដឹងខ្លួនឯង ជាម្ចាស់ប្រទេសដែលត្រូវយល់ដឹងពីមេដឹកនាំប្រទេស ។

ជាមួយគ្នានេះដែរ លោកក៏នឹងបណ្តុះគំនិតដល់ពលរដ្ឋគ្រប់រូបឈរ លើសកម្មភាពក្នុងស្មារតីទទួលខុសត្រូវ ដោយខ្លួនឯង ឲ្យមានផ្នត់គំនិតចំពោះជាតិ ៕

To Top