ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សា ជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធានសភាម៉ាឡេស៊ីលោក តាន់ស្រ៊ី ដាតុចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) បានរួមអបអរសាទរ ពីដំណើរការបោះឆ្នោតនៅកម្ពុជា និងបានលើកឡើងថា ការបោះឆ្នោតនេះដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍន៍ របស់ប្រទេសទៅមុខទៀត ។

ការអបអសារទនេះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋសភាទាំង២ប្រទេស នៅព្រឹកថ្ងៃ២១ កក្កដា នៅសណ្ឋាគារសូហ្វី តែលផូគីត្រា ខណៈប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា។ ប្រធានរដ្ឋសភាម៉ាឡេស៊ី បានចូលរួមអបអរសាទរជាមួយសម្តេចប្រធានរដ្ឋសភា នៅពេលបានឃើញកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

សម្តេច ហេង សំរិន បានលើកឡើងថា ការចូលរួមរបស់លោកប្រធាន សភាម៉ាឡេស៊ីក្នុងការសង្កេតការណ៍បោះឆ្នោតជាតិ នឹងចូលរួមចំណែក ធ្វើឲ្យព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌។ សម្តេចថា គិតចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះ ឆ្នោតដោយខ្លួនឯង ប្រកបដោយជោគជ័យ និង មានលក្ខណៈសេរី និងយុត្តិធម៌ ដោយមានការចូលរួម សង្កេតការណ៍ ពីប្រទេសជាមិត្ត និងអង្គការក្នុង និងក្រៅតំបន់ផងដែរ ។

សម្តេច ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលបានបង្កើតកិច្ចព្រមព្រៀង និងអនុស្សរណៈនានា ជាមួយគ្នា និងបានបង្កើតគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិ បត្តិការកម្ពុជា-ម៉ាឡេស៊ី សំដៅត្រួសត្រាយ ឲ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក៕
