ភ្នំពេញ ៖ អង្គការហ្វ្រង់កូហ្វូនី ដែលជាប្រទេសនិយាយ ភាសាបារាំង បានអះអាងថា ការចូលរួមសង្កេតការណ៍ បោះឆ្នោតនៅកម្ពុជា ចូលរួមលើកកម្ពស់នីតិរដ្ឋ និងដំណើរការប្រជាធិបតេយ្យ ។
ការបញ្ជាក់នេះខណៈសម្តេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូបេសកកម្ម វាយតម្លៃការបោះឆ្នោត ហ្វ្រង់កូហ្វូនី ដឹកនាំដោយ លោក Desir Nyaruhirira ទីប្រឹក្សាអង្គការទទួលបន្ទុកកិច្ចការនយោបាយ និងការទូត ចូលជួបសម្តែងការ គួរសមនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។
ក្នុងជំនួបលោក Desir Nyaruhirira បានគូសបញ្ជាក់ថា “ការចូលរួមសង្កេតការណ៍ របស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋ និងដំណើរការប្រជាធិបតេយ្យ” ។
លោកលើកឡើងថា នៅក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការចូលរួមសង្កេតការណ៍ បោះឆ្នោតនេះ អង្គការនឹងមានរបាយការណ៍មួយ ដើម្បីដាក់ជូនអង្គការ និងជូនមកកម្ពុជា ។
ក្នុងនាមរដ្ឋសភា សម្តេច ហេង សំរិន លើកឡើងថា កម្ពុជា ពិតជាមានកិត្តិយសដែលទីប្រឹក្សាពិសេស ទទួលបន្ទុកផ្នែកនយោបាយ និងការទូត របស់អគ្គលេខាធិការអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញបេសកកម្មនៅកម្ពុជា ។
សូមជម្រាបថា អង្គការប្រទេសនិយាយភាសាបារំាង (ហ្វ្រង់កូហ្វូនី) មានសមាជិកចំនួន៨២ប្រទេស និងតែងតែចូលរួមសង្កេតការណ៍ បោះឆ្នោតនៅ តាមប្រទេសជាសមាជិក ។ នៅកម្ពុជាអង្គការនេះនឹងសង្កេតការណ៍បោះឆ្នោត នៅបីទីតំាង មាននៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ ៕