ព័ត៌មានជាតិ

គណៈកម្មការឃុំ-សង្កាត់ ទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ចំនួន៣២បណ្ដឹង

ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ចំនួន ៣២បណ្ដឹង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី២១ កក្កដា នៅសាលសន្និសីទ គ.ជ.ប លោក ហង្ស ពុទ្ធា បានវាយតម្លៃថា រយៈពេល ២១ថ្ងៃ នៃការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១-២១ កក្កដា បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគី ពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។

លោក គូសបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលពាក្យបណ្តឹងពាក់ព័ន្ធ នឹងការឃោសនាបោះឆ្នោត សរុបចំនួន ៣២បណ្តឹង។ ក្នុងចំណោមពាក្យបណ្តឹងទាំងនោះ គណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោត បានធ្វើការដោះស្រាយតាមនីតិវិធី និងមានពាក្យបណ្តឹងបន្តប្តឹងមក គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត រួចបន្តមក គ.ជ.ប»។

សូមបញ្ជាក់ថា រយៈពេល ២១ថ្ងៃ មានអ្នកចូលរួមឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសរុប ២.២៣៦.៧៩៤ នាក់ ប្រើរថយន្តឃោសនាមាន ៩៩.៧៩៤ គ្រឿង ទោចក្រយានយន្ត ៧២២.៧៣៣ គ្រឿង ម៉ូតូកង់បី ១០.២៤០ គ្រឿង គោយន្ត ៣.៤៩១ គ្រឿង កាណូត ៨៥៧ គ្រឿង និងទោចក្រយាន ៦២០ គ្រឿង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top