ភ្នំពេញ៖ ពិតជាដូចការរំពឹងទុកជាមុន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយមមួយ មានភាពវ័យចំណាស់ប្រាកដមែន ។
បើតាមការប្រកាសក្រៅផ្លូវការ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សរាជានិយមនេះ ទទួលបាន៥អាសនៈក្នុងរដ្ឋសភាជាតិកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ។
ការបាន៥អាសនៈ ក្រោយអាក់ខានមិនបានទទួល សំឡេងជាច្រើនអាណត្តិមកនោះ ត្រូវបានលោក ញឿន រ៉ាដែន ជាអ្នកនាំពាក្យបង្ហាញការ សប្បាយចិត្តជាខ្លាំងហើយថា នេះជាកិច្ចប្រឹងប្រែងរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធដែលបានយាងមកដឹកនាំ បន្ទាប់ពីព្រះបិតាសម្តេចក្រុមនរោត្តម រណឬទ្ធិ បានសោយទីវង្គត ។
លោក ញឿន រ៉ាដែន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃ២៤ កក្កដាថា ចំពោះលទ្ធផលជាបឋម គណបក្សហ្វ៊ុនស៊ិនប៉ិចក៏បានផ្ទៀតផ្ទាត់ដែរ ដោយមណ្ឌល៥ត្រូវបានទទួលអាសនៈ ហើយនៅខេត្តមួយចំនួនទៀតក៏ បាននិងកំពុងធ្វើការផ្ទៀងផ្ទាត់បន្តទៀតជាមួយ គ.ជ.ប ផងដែរ ។ គណបក្សបានទទួល៥អាសនៈនេះ មាននៅរាជធានីភ្នំពេញ , កណ្តាល , កំពង់ចាម , ព្រៃវែង និងកំពង់ធំ ។
លោកថា “ទាំងនេះគឺជាកិច្ចប្រឹងប្រែងរបស់ គណបក្សហ្វ៊ុនស៊ិនប៉ិចក្រោមការ ដឹកនាំរបស់ព្រះអង្គ ម្ចាស់ចក្រាវុធដែលបានចុះមូលដ្ឋាន ក៏ដូចជាដាក់ចេញគោលនយោបាយ” ។
ម្យ៉ាងទៀតលោកសង្កត់ធ្ងន់ថា “លទ្ធផលមួយនេះ គឺសបញ្ជាក់អំពីទំហំបេះដូងនៃអ្នករាជានិយម ស្មោះស្ម័គ្រ ឥតងាករេ ស្រឡាញ់គាំទ្រ និងចង់បានលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ និងសង្គមជាតិរីកចម្រើន”។
ក្នុងនាមគណបក្ស លោក ញឿន រ៉ាដែន ក៏បានថ្លែងអំណរគុណប្រជារាស្រ្ត ចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ជាពិសេសបោះឆ្នោតឲ្យ គណបក្សហ៊្វុនស៊ិនប៉ិចតែម្តង ។ នេះសបញ្ជាក់ថា គណបក្សរាជា និយមដែលមានអតីតមេបក្សជាសម្តេចក្រុមព្រះ នៅតែមានសក្តានុពល ក្នុងឆាកនយោបាយទាំងជាតិ-អន្តរជាតិ ។ នេះបើតាមអ្នកនាំពាក្យដដែល។
ក្រោយពីបានអាសនៈរួចហើយ លោកថា គណបក្សនឹងប្តេជ្ញាចិត្តខ្ពស់ បម្រើជាតិនិងប្រជារាស្រ្តជាធំ។
សម្រាប់ការបោះឆ្នោតកាលពីថ្ងៃ២៣ កក្កដា លទ្ធផលបឋមផ្សាយដោយគ.ជ.ប បង្ហាញថា ពលរដ្ឋជាម្ចាស់ឆ្នោតចេញទៅបោះឆ្នោតចំនួន ៨,២១៣,២៦០នាក់ ស្មើនឹង៨៤,៥៨ភាគរយ ក្នុងចំណោមពលរដ្ឋមានឈ្មោះក្នុងបញ្ជី ៩,៧១០,៦៥៥នាក់ ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចបាន៥អាសនៈ ខណៈបក្ស១៦ផ្សេង ទៀតមិនបានអាសនៈ ។ កាលពីបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈទាំង១២៥ ៕