ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២៦ខែកក្កដា-ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ , នៅផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រ មានកម្ពស់ខ្ពស់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៦ខែកក្កដា – ១ ខែសីហា ឆ្នាំ២០២៣ ។

ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គ ភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម ។ ឯនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរី បានបង្កើនកម្លាំងទៅជា ( TY DOKSURI ) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន ក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ ។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា ។

លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរលើកលែងតែបណ្តាខេត្ត នៅពាយ័ព្យអាចមានភ្លៀងជាបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
-អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
-អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រ មានកម្ពស់ខ្ពស់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕

To Top