ភ្នំពេញ៖ ក្រសួងការបរទេសចិន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣បានសម្ដែងការអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះ ក្នុងការបោះឆ្នោត ក្រោមការដឹកនាំដោយសម្តេច ហ៊ុនសែន និងជឿជាក់ថានៅថ្ងៃអនាគត ប្រទេសកម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន ក្នុងការអភិវឌ្ឍនិងកសាងប្រទេសជាតិ ក៏ដូចជានាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន។
យោងតាមគណនីហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ឆ្លើយសំណួរអំពីករណីដែលគណបក្សប្រជាជនកម្ពុជាប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៤ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន «បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាងល្អ និងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការដែលប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយរលូន ក៏ដូចជាសម្តែងការអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះ ក្នុងការបោះឆ្នោតក្រោម ការដឹកនាំដោយសម្តេច ហ៊ុនសែន និងសូមសម្តែងការអបអរសាទរ ជាមុនចំពោះ ប្រទេសកម្ពុជា ឱ្យបង្កើតរដ្ឋសភានិងរដ្ឋាភិបាលអាណត្តិថ្មី ដោយរលូន ជឿជាក់ថា នៅថ្ងៃអនាគត ប្រទេសកម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន ក្នុងការអភិវឌ្ឍនិងកសាងប្រទេសជាតិ ក៏ដូចជានាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន»។
ប្រភពដដែលបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាង ចិន-កម្ពុជា មានការកើនឡើងយ៉ាងល្អ ភាគីទាំងពីរ មានការជឿទុកចិត្តគ្នា ខ្ពស់ទៅវិញទៅមក កិច្ចសហប្រតិបត្តិការ មានភាពស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមក បានរួមចំណែកលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ រក្សាបាននូវយុត្តិធម៌និងសច្ចៈធម៌លើឆាកអន្តរជាតិ បានក្លាយជាគំរូ នៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដែលប្រកបដោយមិត្តភាព និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឆ្នាំនេះគឺជាខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា “ឆ្នាំមិត្តភាពរវាងចិននិងកម្ពុជា” ប្រទេសចិនរីករាយរួម ជាមួយប្រទេសកម្ពុជា ធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តវេន មិត្តភាពល្អ ពីមួយជំនាន់ទៅមួយជំនាន់ ពន្លឿនការកសាងសហគមន៍រួម វាសនា ចិននិងកម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ កាន់តែច្រើនជូន ចំពោះប្រជាជននៃប្រទេសទាំងពីរ៕