ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ គណបក្សខ្មែរតែមួយចាត់ទុកការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌។
តាមរយៈសេចក្ដីថ្លែងការណ៍ នាថ្ងៃទី២៤ កក្កដា គណបក្សខ្មែរតែមួយ បានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត ចាប់ពីថ្ងៃទី១ ដល់ ២១ ខែកក្កដា ឆ្នាំ២០២៣ និងការបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅមានភាពល្អប្រសើរ ស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា និងមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ គ្មានការ រំខាន និងគ្មានអំពើហិង្សាកើតឡើងនោះទេ។
គណបក្សខ្មែរតែមួយ គូសបញ្ជាក់ថា “សូមគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិ កាលទី៧ ឆ្នាំ២០២៣ បានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែល បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុ បក្ស និងអាចទទួលយកបាន”។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ខែកក្ដដាឆ្នាំ២០២៣ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល ទោះបីមានភ្លៀងនៅតាមរាជធានី ខេត្ត មួយចំនួនយ៉ាងណាក៏ដោយ ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅជាប្រក្រតីតាមនីតិវិធី ហេីយអ្នកបានចេញទៅបោះឆ្នោតសរុបទូទាំងប្រទេស ចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤,៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧១០.៦៥៥នាក់៕