ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជាភូមិសាស្ត្រនយោបាយ ចិននិងអាមេរិក ខ្វែងគំនិតគ្នា លើបញ្ហាបោះឆ្នោត នៅកម្ពុជា ។
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីមហាអំណាចទាំងពីរ (ចិន-អាមេរិក) បានបញ្ចេញមតិខុសគ្នា ដោយក្នុងនោះ ប្រទេសចិនដែលជាមិត្តដែបជាមួយកម្ពុជា តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានសម្ដែងការអបអរសាទ និងបង្ហាញជំនឿថា កម្ពុជា នឹងទទួលបានសមិទ្ធផលកាន់តែច្រើន ក្នុងការអភិវឌ្ឍនិងកសាងប្រទេស ក្រោយការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលផ្ទុយស្រលះពីសហរដ្ឋអាមេរិក ដែលមានបក្សប្រឆាំងជាកូនជឹងរបស់ខ្លួន បានសម្ដែងការសោកស្ដាយ និងចោទប្រកាន់បក្សកាន់អំណាច ថាបានគម្រាមកំហែងគ្រប់រូបភាព លើកូនជឹងរបស់ខ្លួន (បក្សប្រឆាំង)។
ជុំវិញការខ្វែងគំនិតគ្នា រវាងមហាអំណាចទាំងពីរនេះ លោក សយ សុភាព បានលើកឡើងថា យើងបានដឹងច្បាស់ហើយ ថាអាមេរិកបង្កើតពួកក្រុមឧទ្ទាម រីឯចិនគាំទ្ររាជរដ្ឋាភិបាល។ បើទោះបីមេដឹកនាំ ស្រមោលពិភពលោក ហ្គីស ស៊ីនជ័រ និងមហាសេដ្ឋីអាមេរិក ទើបជួបមេដឹកនាំក្រុងប៉េកាំង យ៉ាងណាក៏ដោយ តែពួកគេពិបាករកចំណុចរួមឃើញ ដោយសារគ្មានអ្នកទី៣ ត្រូវប្រកួតប្រជែង ដោយសារឥឡូវពិភពលោក មានតែ២នេះឯង។
លោក សយ សុភាព បន្ថែមថា ជាការពិតពួកគេអាចនិយាយគ្នា ពីការដោះដូរ មេដឹកនាំតាមប្រទេសខ្លះ ដែលនាំឱ្យខូចប្រយោជន៍ របស់គេ។ ដូចជានៅថៃ ចិនមិនឱ្យមេបក្សឈ្នះឆ្នោត បានក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែលោក Pita ជាមនុស្សស្និទ្ធិនឹងអាមេរិក។ ចំណែកនៅកម្ពុជា ចិនក៏នឹងមិនអនុញ្ញាត្តិ ឱ្យអាមេរិក បង្កើតគ្រោះហានិភ័យ បំផ្លាញ ស្ថេរភាព របស់កម្ពុជាបានដែរ។
លោក សយ សុភាព គួសបញ្ជាក់ថា «លទ្ធផលបោះឆ្នោត បានបង្ហាញពីភាពដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជារាស្រ្តខ្មែរ នៅតែត្រូវការដើម្បីស្ថេរភាព និង កសាងសេដ្ឋកិច្ចដ៏រឹងមាំ។
ដូច្នេះប្រាកដណាស់ថា សម្តេចតេជោ ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រីបន្ត មុនពួកប្រឆាំងជ្រុលនិយមទាំងនេះ ត្រូវបាន អាមេរិកផ្លាស់ប្តូរ ជាមុន (បោះបង់ចោលដូច ពួកលន់ណល់)»។
ក្នុងនោះលោក សយ សុភាព បានលើកយកទស្សនៈ របស់អ្នកវិភាគ ថា «ប្រជារាស្ត្រខ្មែរប្រាថ្នា ចង់ឃើញ សម្តេចតេជោ ហ៊ុន សែន សម្រេចផែនការដ៏មហិមាគឺ ជីកព្រែកហ្វូណនតេជោ សែន ឱ្យរួចជាមុនសិន មុនសម្តេចផ្ទេរជូនលោក ហ៊ុន ម៉ាណែត ដែលពេលនោះលោកនឹងឈ្នះឆ្នោត បន្តទៀត ដោយចំណាយកម្លាំងតិចតួច នឹងទទួលផលមហិមា។
អ្នកវិភាគយល់ឃើញថា សម្ដេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ប្រាប់ទូរទស្សន៍ចិន អាចថាជាការស្ទាបស្ទង់ មើលប្រតិកម្មពីខាងក្រៅតែប៉ុណ្ណោះ តែអ្វីសម្តេចតេជោ បានគូសវាស គិតរួចអស់ហើយ ។
សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ដោយរលូន ដោយមានប្រជាពលរដ្ឋសរុប ៨,២១៣,២៦០នាក់ ស្មើ៨៤,៥៨% បាននាំគ្នាទៅបោះឆ្នោត ហើយបើតាមលទ្ធផលក្រៅផ្លូវការ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានចំនួន៥អាសនៈ៕