ភ្នំពេញ ៖ លោក នែលស៊ុន ជេស៊ែលីស (H.E.Mr. Nelson J.Celis) សមាជិកគណៈកម្មការ រៀបចំការបោះឆ្នោត នៃសាធារណរដ្ឋហ្វីលីពីន បានសង្កេតឃើញថា ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ បញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំង គួរឱ្យជឿទុកចិត្តបាន ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាប់អារម្មណ៍ របស់អ្នកសង្កេតការណ៍បោះឆ្នោត អន្តរជាតិ អំពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចេញផ្សាយដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ កក្កដា លោក នែលស៊ុន ជេស៊ែលីស បានថ្លែងថាភាគរយនៃអ្នកបោះឆ្នោត ៨៤.៥៨% នៅកម្ពុជា ខ្ពស់ជាងនៅប្រទេសហ្វីលីពីន មានត្រឹមតែ ៨៣% ប៉ុណ្ណោះក្នុងការបោះឆ្នោត ឆ្នាំ២០២២កន្លងទៅនេះ។
លោកបន្ដថា ប្រជាពលរដ្ឋកម្ពុជា មានការចាប់អារម្មណ៍ខ្ពស់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ របស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ។
លោក គូសបញ្ជាក់ថា “ការបោះឆ្នោតមានតម្លាភាព ។ ការរាប់សន្លឹកឆ្នោតដោយដៃ មានលំដាប់លំដោយ ហើយបញ្ជូនលទ្ធផលពីការិយាល័យបោះឆ្នោត មកគណៈកម្មការរៀបចំបោះឆ្នោតតាមលំដាប់ថ្នាក់ និងតាមប្រព័ន្ធអេឡិចត្រូនិច ដែលបញ្ជាក់អំពីតម្លាភាពយ៉ាងខ្លាំងគួរឱ្យជឿទុកចិត្តបាន”។
លើសពីនេះ លោក នែលស៊ុន ជេស៊ែលីស ក៏បានអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ សន្តិភាព និងគ្មានអំពើហិង្សា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល ទោះបីមានភ្លៀងនៅតាមរាជធានី ខេត្ត មួយចំនួនយ៉ាងណាក៏ដោយ ដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅជាប្រក្រតីតាមនីតិវិធី ហើយអ្នកបានចេញទៅបោះឆ្នោត សរុបទូទាំងប្រទេស ចំនួន ៨.២១៣.២៦០នាក់ ស្មើនឹង ៨៤,៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧១០.៦៥៥នាក់ ៕