ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន បានបញ្ជាក់សាជាថ្មីនូវការគាំទ្រជានិរន្តបស់ចិន ចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងការស្វែង រកមាគ៌ាអភិវឌ្ឍន៍ ស្របនឹងលក្ខខណ្ឌជាតិ ពិសេសរបស់កម្ពុជា ។
ក្នុងជំនួបកាលពីថ្ងៃទី២៤ កក្កដា លោក ឈាន ហុងសាន បានអបអរសាទរ កម្ពុជា ចំពោះភាពជោគជ័យ នៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់ រហូតដល់ជាង៨៤% ។ លោកបានកោតសរសើរ ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច ដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា ស្តែងចេញតាមរយៈជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដ៏ល្អប្រសើរ។
លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់សាជាថ្មីថា «ចិនគាំទ្រជានិរន្ត ចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ ស្របនឹងលក្ខខណ្ឌជាតិពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា។ ចិននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ថែមទៀត» ។
ចំណែក លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ លោកថា វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះបានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។
លើសពីនេះទៀត លោក ប្រាក់ សុខុន ក្នុងនាម ជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការ មជ្ឈិមបក្សប្រជាជនកម្ពុជា និងលោក ឈាន ហុងសាន ក៏បានស្វែងរកឱកាសដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងគណបក្សកាន់អំណាចទាំងពីរ ក្នុងផ្នែកអភិបាលកិច្ច ការអប់រំ ការគាំទ្រសម្រាប់សហគ្រិន និងអ្នកដឹកនាំវ័យក្មេង ក៏ដូចជាការផ្លាស់ប្ដូរវប្បធម៌។
ភាគីទាំងពីរ បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ នៃភាពជាដៃ គូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ ខណៈរួមគ្នាកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ៕