ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ម្ចាស់សហគ្រាសប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម (អតប)។
ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពលើរបស់ក្រសួងសេដ្ឋកិច្ច ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឲ្យមានតម្លាភាព និងសង្គតិភាព។
តាមរយៈសេចក្ដីណែនាំរបស់ក្រសួងនាថ្ងៃ២៥ កក្កដា បានឲ្យដឹងថា «ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែម ដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូល អតប តាមអត្រា១០ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អតប ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុកត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយអាករលើធាតុចេញ»។
ក្រសួងសេដ្ឋកិច្ចបន្ដថា ចំពោះបារីនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឲ្យបង់ អតប តែម្ដងគត់ នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក។ សហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងសង្ឃឹមថា គ្រប់សហគ្រាសប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ នឹង អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕