ព័ត៌មានជាតិ

សម្ដេចតេជោ ធានាថាគោលនយោបាយកម្ពុជា ចំពោះចិន គឺមិនផ្លាស់ប្ដូរក្រោយ បង្កើតរដ្ឋាភិបាលថ្មី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានប្រកាសធានាថា គោលនយោបាយរបស់ប្រទេសកម្ពុជា ចំពោះប្រទេសចិន គឺមិនផ្លាស់ប្ដូរឡើយ ក្រោយបង្កើតរាជរដ្ឋាភិបាលថ្មី ខណៈសម្ដេចត្រៀមខ្លួនរួចជាសម្រេច ដើម្បីធ្វើយ៉ាងជិតស្និទ្ធជាមួយចិន។

តាមរយៈសារលិខិតថ្លែងអំណរគុណរបស់ គណបក្សប្រជាជនកម្ពុជា ផ្ញើជូនចំពោះលោក ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដែលបានផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះជ័យជម្នះសារជាថ្មី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណយ៉ាងស្មោះ អស់ពីដួងចិត្តចំពោះពាក្យពេចន៍ អបអរសាទររបស់ លោក ស៊ី ជិនពីង ផ្ញើជូន សម្ដេច សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

សម្ដេចតេជោ ក៏បានអបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លា របស់គណបក្សកុម្មុយនីស្តចិន (CPC) ដែលមាន​លោក​ ស៊ី​ ជីនពីង​ជាស្នូល សម្រេចបាននូវការអភិវឌ្ឍ យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចនូវគោលដៅ១០០ឆ្នាំទី២ ឆ្ពោះទៅសម្រេចនូវប្រជាជាតិដ៏រុងរឿងបំផុត ក្នុងអនាគតដ៏ខ្លីខាងមុខ ក៏ដូចជាធានាបាននូវតួនាទី ដ៏សំខាន់របស់ចិនក្នុងតំបន់ និងឆាកអន្តរជាតិ។

សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយសង្កេតឃើញថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយប្រទេសទាំងពីររក្សាបាននូវ ចំណងមិត្តភាពដ៏ល្អប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាពដែកថែប។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការ នៃការបង្កើតរដ្ឋាភិបាលថ្មី ខ្ញុំសូមធានាចំពោះ ឯកឧត្តមថា គោលនយោបាយរបស់កម្ពុជា ចំពោះប្រទេសចិនគឺមិនផ្លាស់ប្ដូរឡើយ»។

សម្ដេចតេជោ បន្ដថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការ ធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ»។

សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ លោក ស៊ី ជិនពីង បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូន សម្តេចតេជោ ហ៊ុន សែន នាឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀត របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧៕

To Top