ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីផ្លូវការ នាជាងពាក់កណ្តាលខែសីហា ខាងមុខនេះ បានប្ដេជ្ញាចិត្តអនុវត្តឲ្យបាន នូវបណ្ដាំរបស់ពុក ដើម្បីការពារឲ្យខាង តែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តបែបនេះក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងសារប្រាប់ទៅកូនប្រុសច្បង គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រីថា «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជន»។
តាមរយៈគេហទំព័រ ហ្វសប៊ុក នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរតប ទៅកាន់សម្តេចតេជោ ដែលជាលោកពុកវិញថា «បណ្តាំរបស់ពុក ដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាត នៅក្នុងគ្រប់កាលៈទេសៈ” ។
តាមរយៈវិដេអូផ្សាយផ្ទាល់ កាលពីថ្ងៃទី២៦ កក្កដា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំលើកដំបូង៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
