ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ក្រៅតែពីក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាល មន្ដ្រីទាំងឡាយនៅតាមក្រសួង-ស្ថាប័ន្ធ គឺត្រូវរក្សាសទុកនូវឋានៈ និងតួនាទី នៅដដែល បន្ទាប់ពីលោកបណ្ឌិត ហ៊ុន ម៉ណែត ឡើងធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងពេលឆាប់ៗនេះ។
តាមរយៈសារសំឡេង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិកា, ទីប្រឹក្សារាជរដ្ឋាភិបាល, មេទាហាន, មេនគរបាល, មេអាវុធហត្ថ, អគ្គនាយក-អគ្គនាយករង -ប្រធាននាយកដ្ឋាន-អនុប្រធាន និងប្រធានការិយាល័យជាដើម ព្រមទាំងអភិបាល អភិបាលរងខេត្ត, អភិបាលស្រុក អភិបាលរងស្រុក នឹងត្រូវរក្សាឋានៈ និងតួនាទីនៅដដែល។
សម្ដេចតេជោ គូសបញ្ជាក់ថា «កង្វល់របស់បងប្អូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅតាមស្ថាប័ននានាទាក់ទិន ជាមួយនឹងមុខតួនាទីរបស់ខ្លួន នៅពេលខាងមុខ តើយ៉ាងម៉េច? ខ្ញុំព្រះករុណា ក៏ដូចជា សម្ដេច សាយ ឈុំ, សម្ដេច ស ខេង, សម្ដេច ទៀ បាញ់, សម្ដេច ម៉ែន សំអន, បណ្ឌិត ហ៊ុន ម៉ាណែត, បណ្ឌិតសភាចរ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម កើត រិទ្ធ ដែលបានពិភាក្សាគ្នានៅផ្ទះ ព្រះករុណាខ្ញុំ មុនពេល ព្រះករុណាខ្ញុំ បានសម្រេចចិត្តថា យើងនឹងរក្សាទុកនៅមន្ដ្រីទាំងអស់ ដែលបានតែងតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែតាំងរួមមកហើយ ឲ្យបន្ដតទៅទៀត»។
សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់មន្ដ្រីរាជការទាំងអស់ កុំមានការព្រួយបារម្ភអំពី ចំណុចទាក់ទងជាមួយនឹងរឿងថា តើខ្លួនត្រូវធ្វើអ្វីទៀត?។
សម្ដេចតេជោ គូសបញ្ជាក់ទៀតថា «មុខងារទាំងអស់នេះ ខ្ញុំព្រះករុណា បានពិភាក្សាយ៉ាងម៉ត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម កើត រិទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ អំពីកិច្ចដំណើរការនាពេលខាងមុខ។ ដូច្នេះសូមបងប្អូនទាំងអស់ កុំមានការព្រួយបារម្ភអំពី ចំណុចទាក់ទងជាមួយនឹងរឿងថា តើខ្លួនត្រូវធ្វើអ្វីទៀត? កិច្ចការតែមួយទេ ដែលត្រូវធ្វើការកែទម្រង់នោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី»។
សម្ដេចតេជោ បន្ថែមថា ដោយសារកន្លងទៅនេះ មានការតែតាំង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺមួយចំនួនជារដ្ឋលេខាធិការ មួយចំនួនទៀតជាអ្នកធ្វើការ ផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី ដូច្នេះអ្នកទាំងនេះ ត្រូវមានការជម្រើសយកមួយ តើយករដ្ឋលេខាធិការ ឬយកតំណែងរដ្ឋមន្ត្រីប្រតិភូ?
សម្ដេចតេជោ បន្ដថា ដោយឡែក អគ្គនាយកពន្ធដារ និងអគ្គនាយកគយ ត្រូវបានរក្សាតំណែងទាំងពីរដដែល គឺតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងតំណែងជាអគ្គនាយក ព្រោះថាម្ខាងត្រូវធ្វើការជាមួយរដ្ឋមន្ត្រី និងម្ខាងទៀតត្រូវធ្វើការជាមួយនាយករដ្ឋមន្ត្រី ដែលត្រូវក្តាប់ផ្ទាល់ជាមួយថវិកាប្រចាំថ្ងៃ និងប្រចាំខែ។ សម្ដេច ក៏បានសង្ឃឹមថា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីតាមស្ថាប័ននានាក្នុងអាណត្តិថ្មីនេះ ត្រូវបន្ដការយកចិត្តទុកដាក់ ទៅលើកិច្ចការដែលត្រូវដោះស្រាយជាមួយ មន្ត្រីចាស់ៗ បន្ដទៀត៕