ព័ត៌មានជាតិ

កម្មករជាង៧ពាន់នាក់ នឹងទទួលប្រាក់ឧបត្ថម្ភ ក្រោយព្យួរកិច្ចសន្យាការងារ

រូបភាពពីហ្វេសប៊ុក
" "

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ចំនួន ៧,៦៩៦នាក់ នៃរោងចក្រទាំង១៥ នៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះ ចំនួន ៨១ ០០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃ ដល់១៤ថ្ងៃ, ១៦២ ០០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១៥ថ្ងៃ ដល់ ១ខែ»។

" "

ក្រសួង បានរលឹកដល់ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។ ក្រសួងបញ្ជាក់ថា «បងប្អូនមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ»។

" "

ក្រសួងបន្ថែមថា ក្នុងករណីកម្មករបម្រើការងារនៅរោងចក្រទាំង១៥ នេះ មិនបានទទួលសារទូរសព្ទពីធនាគារវីងនោះ ត្រូវទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចករបស់ខ្លួន ៕

To Top