ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាព កម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញ សម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ច ឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការពង្រឹង ធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់ បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្តល់ការបណ្តុះបណ្តាល ប្រកបដោយបរិយាបន្នដែលនាំ មុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។
នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា «ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឲ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ឲ្យទាន់ពេលវេលា ។ កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នTVETទាំងនេះ មានសារៈសំខាន់សម្រាប់ការរៀបចំ កម្មវិធីបណ្តុះបណ្តាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឲ្យប្រសើរឡើងនូវទីតាំង និងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។
មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិបាល ក្រោមគម្រោងជំនាញសម្រាប់ភាពប្រកួតឈ្នះ ផ្តល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៩ ដើម្បីបង្កើនជំនាញ និងសមត្ថភាពប្រកួតប្រជែងនៃ កម្លាំងពលកម្មដែលកំពុងកើនឡើងរបស់កម្ពុជា។ ការដាក់សាកល្បង SDF នេះ បាននឹងកំពុងឆ្លើយតបទៅនឹង តម្រូវការបណ្ដុះបណ្ដាលជំនាញ សម្រាប់វិស័យឧស្សាហកម្ម តាមរយៈ ភាពជាដៃគូសហហិរញ្ញប្បទាន ជាមួយស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម ភ្នាកងារផ្តល់ការបណ្តុះ បណ្តាល និងដៃគូអភិវឌ្ឍន៍នានា។
សូមបញ្ជាក់ថា កម្មវិធីនេះជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការ ពង្រឹងធនធានមនុស្ស និងអភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ។ ក៏អនុលោមតាមផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់រាជរដ្ឋាភិបាលក៏ដូច ជាយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣៕