ព័ត៌មានជាតិ

កម្ពុជា-បារាំង ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា

រូបភាពហ្វេសប៊ុក

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំកម្ពុជាបានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ អ៊ុយបែរ៍ គួរ្យៀង (Huber Curien) «ទន្លេសាប» ដើម្បីអភិវឌ្ឍន៍ និងបន្ដគម្រោងស្រាវជ្រាវលើ «ការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍»។

គម្រោងនេះ ផ្ដោតលើអាទិភាពចំនួន ៨ចំណុច រួមមាន៖ ១. សេដ្ឋកិច្ចនិងបច្ចេកវិទ្យាឌីជីថល ២. កសិកម្មអនុវត្ត ៣. ជីវបច្ចេកវិទ្យានិងជីវវិទ្យាសាស្ត្រ ៤. វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថាមពល ៥. វិទ្យាសាស្រ្តកុំព្យូទ័រ ៦. វិទ្យាសាស្ត្របរិស្ថាន ៧. វិទ្យាសាស្ត្រមនុស្សជាតិនិងសង្គម និង ៨. គរុគោសល្យនវានុវត្តន៍។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំនាថ្ងៃទី៣១ កក្កដា បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការភាពជាដៃគូ Huber Curien “ទន្លេសាប” ត្រូវបានរៀបចំឡើង ដោយមានគោលដៅសំខាន់ៗ ដូចជា៖ ជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងអ្នកស្រាវជ្រាវជាតិបារាំង និងខ្មែរនៅក្នុង ស្ថាប័នសាធារណៈ, លើកទឹកចិត្តក្នុង ការកសាងទំនាក់ទំនង និងភាពជាដៃគូថ្មី ក៏ដូចជា ការអភិវឌ្ឍ គំនិតច្នៃប្រឌិត ឧត្តមភាព និងពង្រឹងសមត្ថភាព ក្នុងចំណោមយុវអ្នកស្រាវជ្រាវ, ជំរុញការផ្លាស់ប្ដូររវាងអ្នកស្រាវជ្រាវ តាមរយៈការគាំទ្រភាពចល័តរបស់ពួកគេ រវាងប្រទេសទាំងពីរ, អភិវឌ្ឍនូវភាពស៊ីចង្វាក់គ្នា រវាងសហគមន៍វិទ្យាសាស្ត្រទាំងពីរ ដើម្បីបង្កើតនូវប្រព័ន្ធកិច្ច សហប្រតិបត្តិការប្រកប ដោយចីរភាព។

ក្រសួងអប់រំ បានលើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ ឬអ្នកស្រាវជ្រាវកម្ពុជា ចាប់ផ្ដើមកសាងភាព ជាដៃគូស្រាវជ្រាវជាមួយសមភាគីបារាំង ដើម្បីរៀបចំគម្រោង “ស្រាវជ្រាវ ដើម្បីអភិវឌ្ឍ” ទៅតាមវិស័យអាទិភាព ដូចដែលបានកំណត់ខាងលើ ឲ្យបានរួចរាល់នៅខែវិច្ឆិកា ឆ្នាំ២០២៣៕

To Top