ភ្នំពេញ ៖ យុទ្ធនាការស្វែងរកសាកសពជនរងគ្រោះម្នាក់ដែលត្រូវបានទឹកជ្រោះឱមាល់ ក្នុងខេត្តកំពតបុកយក គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ នៅតែរកមិនទាន់រកឃើញនៅឡើយនោះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ជាបទពិសោធន៍ថា គួររកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ ។
យោងតាមសំណេរយ៉ាងខ្លី ដោយមានភ្ជាប់ជាមួយរូបភាពរបស់សមត្ថកិច្ច កំពុងស្វះស្វែងរកសាកសពជនរងគ្រោះនៅលើបណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្ត្រីបានរៀបរាប់ថា “តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ!” ។
ក្នុងសំណេររបស់លោករដ្ឋមន្ត្រីនោះដែរ ក៏ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតជាអ្នកទទួលបន្ទុកដឹកនាំកងកម្លាំងស្វែងរកសាកសព ចូលទៅខមិនឆ្លើយតបថា “សូមគោរពលោកអ៊ំសងខាងជ្រោះ ក៏យើងបានរុករកដែរ តែមិនទាន់ឃើញ ។ យើងកំពុងសង្ស័យថាខ្លាចគាត់(សព)គៀបជាប់នៅខាងក្រោមថ្មកន្លែងទឹកជ្រៅ ។ មួយវិញទៀត ប្រសិនបើគាត់បាត់បង់ជីវិតនៅលើគោកមកដល់ពេលនេះ ប្រាកដជាមានក្លិនចេញមកហើយលោកអ៊ំ” ។
គួរឲ្យដឹងថា យោងតាមការផ្តល់ព័ត៌មានខ្លីៗ អំពីយុទ្ធនាការស្វែងរកសាកសពជនរងគ្រោះ តាមរយៈគណនីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពត ត្រឹម១២ម៉ោងមុន បានបញ្ជាក់ថា “បេសកម្មថ្ងៃទីបី ក្នុងការស្វែងរកប្អូនស្រីខួច(អ្នកបាត់ខ្លួន) នៅលើជ្រោះឱមាល់នាថ្ងៃ១ សីហា ។ ថ្ងៃទីបីក្នុងការស្វែងរកប្អូនស្រីខួច ដរាបណារកប្អូនមិនទាន់ឃើញ គឺយើងមិនឈប់ក្នុងការស្វែងរកប្អូននោះឡើយ ទោះបីមានឧបសគ្គអ្វីក៏ដោយ”។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានដឹកនាំកងកម្លាំងចេញស្វែងរកជនរងគ្រោះ កាលពីថ្ងៃទី៣១ កក្កដា កន្លងទៅនេះ និងបន្តសកម្មភាពស្វែងរកយុវតីម្នាក់ ដែលជាអ្នករងគ្រោះនៅលើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត ដោយដើរតាមជ្រោះពីក្រោមឡើងទៅលើភ្នំជាហូរហែរ។ យុវតីដែលបាត់ខ្លួនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បាននាំគ្នាទៅបោះតង់ នៅលើជ្រោះឱមាល់ កាលពីរាត្រីថ្ងៃ២៩ កក្កដា ប៉ុន្តែដោយសារតែនៅលើជ្រោះ មានភ្លៀងធ្លាក់ជោគជាំខ្លាំងពេក ធ្វើឲ្យពួកគេបានជាប់នៅក្នុងតង់ ។ ក្រោយទទួលបានដំណឹង ពីក្រុមទេសចរណ៍ជាប់នៅលើទឹកជ្រោះ លោកស្នងការខេត្តនារសៀលថ្ងៃ៣០ កក្កដា ដឹកនាំកងកម្លាំងចុះស្វែងរកភ្លាម ក៏ប្រទះឃើញមនុស្ស២នាក់ ក្នុងចំណោម៣នាក់ ដោយបាត់ខ្លួនយុវតីម្នាក់៕