ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាំបាច់ត្រូវមានកិច្ច សហប្រតិបត្តិការជាមួយប្រទេសជិតខាង

រូបភាពពី៖ ហ្វេសប៊ុក សម្ដេច ស ខេង

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចប្រទេសណាមួយធ្វើតែឯងបានឡើយ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងម៉ឹងម៉ាត់ ជាមួយបណ្ដាប្រទេសជាប់ព្រំដែន។

នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាថ្ងៃ២ សីហា សម្ដេច ស ខេង បានគូសបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀន ដោយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និងរាប់រយតោន ។ សារធាតុញៀនសព្វថ្ងៃនេះ គឺជាសារធាតុញៀនគួបផ្សំ បានន័យថា «គេយកសារធាតុគីមីផ្សេងៗ បូកបញ្ជូលគ្នា ផលិតជាគ្រឿងញៀន»។

សម្ដេចឲ្យដឹងថា «ការចរាចរគ្រឿងញៀន មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅតាមបណ្ដាប្រទេសនានា លើសកលលោក។ ដូច្នេះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏មិនអាចប្រទេសណាមួយ ធ្វើតែឯកឯងបាននោះទេ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងម៉ឹងម៉ាត់ ពិសេសជាមួយបណ្ដាប្រទេសជាប់ព្រំដែន»។

សម្ដេចបន្ថែមថា កិច្ចសហប្រតិបត្តិការជាប់ព្រំដែននេះ ពិតជាមានសារៈសំខាន់ជាគន្លឹះ ហើយក៏ផ្អែកជាគោលការណ៍អន្ដរជាតិដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះកម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិ ខណៈអង្គនេះក៏មានយុទ្ធនាការមួយ ដើម្បីដឹកនាំចាត់ចែង និងសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿង។

ទន្ទឹមនឹងនោះ សម្ដេច ស ខេង មានក្ដីសង្ឃឹមថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ នឹងទទួលបានជោគជ័យ ក្នុងបេសកកម្ម និងរួមចំណែកក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕

To Top