ព័ត៌មានជាតិ

សម្តេចតេជោ ៖ អ្នកណាចង់និយាយថា នាយករដ្ឋមន្រ្តីថ្មី ជានាយករដ្ឋមន្រ្តីបន្តពូជក៏និយាយទៅ

រូបភាព៖ តេឡេក្រាមសម្តេច

ភ្នំពេញ ៖ ហាក់មិនខ្វល់ចំពោះសំដីរបស់អ្នកវិភាគ ក៏ដូចជាអ្នកអធិប្បាយរបស់វិទ្យុបរទេសដែលបានពិភាក្សាគ្នាអំពីបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជាថ្មីគឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តពូជពីសម្តេចតេជោ ហ៊ុន សែន នោះ សម្តេចថា បើពួកគេចង់និយាយអ្វីនិយាយទៅ ព្រោះការពិតជាក់ស្តែង មិនអីចឹងទេ គឺហ៊ុន ម៉ាណែតមានលក្ខណៈសមត្ថភាពគ្រប់គ្រាន់ជាអ្នកដឹកនាំ បើទោះបីជាម៉ាណែត មិនមែនជាកូនសម្តេច ក៏នៅតែទទួលតំណែងជានាយករដ្ឋមន្រ្តីដដែល ។

ក្នុងឱកាសចូលរួមសម្ពោធសមិទ្ធផលផ្លូវក្រវ៉ាត់ក្រុងទី៣ នាថ្ងៃ៣ សីហានេះ សម្តេចតេជោបានបញ្ជាក់ ទៅកាន់ក្រុមមនុស្សចាំមើលតែចំណុចអវិជ្ជមានរបស់កម្ពុជាថា “ទោះបីជាអ្នកណាចង់និយាយអ្វីក៏និយាយទៅ ពិសេសនោះនិយាយបន្តវេន បន្តពូជ ។ តែនៅក្នុងរដ្ឋធម្មនុញ្ញាមិនបានចែងថា ផ្តល់សិទ្ធកូនមិនឲ្យធ្វើនាយករដ្ឋមន្ត្រីនោះទេ អីចឹងកូនខ្ញុំ គឺជាមនុស្សដូចគេដូចឯងក្នុងការទទួលយកតំណែងដែរ” ។

ថ្លែងជាសាធារណៈបែបនេះសម្តេចតេជោបន្ថែមទៀតថា “បើហ៊ុន ម៉ាណែត មិនមែនជាកូនរបស់ខ្ញុំក៏ខ្ញុំផ្ទេរតំណែងផងដែរ ព្រោះថាចាស់ហើយ ដោយទុកឲ្យក្មេងៗដឹកនាំ ដោយមានវត្តមានរបស់យើងចាស់ៗ នៅជាមួយគេ” ។

ឃើញថា បន្ទាប់ពីសម្តេចតេជោដែលជាឪពុកបានប្រកាសពីសមាសភាពថ្មីដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី មានវិទ្យុបរទេសមួយបានហៅវាគ្មិនមកជជែកដេញដោលរឿងនាយករដ្ឋមន្រ្តីជាញឹកញាប់ ដោយពួកគេបានហៅលោកបណ្ឌិតហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តពូជ ឬជានាយករដ្ឋមន្រ្តីតពូជ ។

សម្រាប់តំណែងជានាយករដ្ឋមន្រ្តីថ្មីនេះ ត្រូវបានសម្តេចតេជោរៀបរាប់ឲ្យដឹងទៀតថា នៅថ្ងៃ៧ សីហាសម្តេចនឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រ តែងតាំងលោកហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិរដ្ឋសភានីតិកាលទី៧។ សម្តេចថា អីចឹងនៅពេលនោះនឹងមាននាយករដ្ឋមន្រ្តី២រូប គឺនាយករដ្ឋមន្ត្រីក្នុងតំណែងតែត្រៀមចាកចេញ និងនាយករដ្ឋមន្ត្រីមួយទៀត កំពុងតែរៀបចំសមាសភាពរាជរដ្ឋាភិបាលដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា។

សម្តេចតេជោបានឲ្យដឹងទៀតថា នៅថ្ងៃ២១ សីហា រដ្ឋសភានឹងកោះប្រជុំលើកដំបូង និងថ្ងៃ២២ សីហានឹងបង្កើតរាជរដ្ឋាភិបាល ហើយនៅពេលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាភាពរាជរដ្ឋាភិបាលថ្មីនោះអ្វីៗនឹងត្រូវបានបញ្ចប់អស់ហើយ ចង់អ្នកណានិយាយអ្វីនិយាយទៅ ប៉ុន្តែទោះជាយ៉ាងណាសម្តេចអះអាងថា នៅពេលកូនប្រុសដឹកនាំរាជរដ្ឋាភិបាល នឹងមិនឲ្យកូនបំផ្លាញ់សមិទ្ធផលរបស់ប្រជាជាតិខ្មែរនោះទេ៕

To Top