ព័ត៌មានជាតិ

សម្ដេចតេជោ៖ បើអ្នកណាហ៊ានចាប់សម្ដេច ស្មើនឹងប្រកាសសង្គ្រាមជាមួយកម្ពុជា

រូបភព៖ តេឡេក្រាមសម្ដេចតេជោ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ដាំផ្ញើសារព្រមានទៅ ក្រុមប្រឆាំងនៅក្រៅប្រទេសថា បើអ្នកណាហ៊ានចាប់ខ្លួនសម្ដេច គឺស្មើនឹងប្រកាសសង្គ្រាមជាមួយកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) នាថ្ងៃ៣ សីហា សម្ដេចតេជោបានថ្លែងថា ការផ្ទេរតំណែងនាយករដ្ឋមន្ដ្រី ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត មិនមែនជាការតពូជពង្សអ្វីឡើយ។

សម្ដេចគូសបញ្ជាក់ថា «មិនមែនជាការ តពូជពង្សទេវើយ ប្រាប់ពួកអាចង្រៃឲ្យដឹងថា ប៉ុន្ដែវារារាំងខ្ញុំ រហូតដល់បំភ័យខ្ញុំថា ហ៊ុន សែន អត់ហ៊ានចេញទេ (ចេញក្រៅប្រទេស) ខ្លាចអស់អភ័យឯកសិទ្ធិ ហើយត្រូវតុលាការចាប់ខ្លួន ។ ស្រុកខ្មែរ បើអ្នកណាហ៊ានចាប់ ហ៊ុន សែន គឺចប់ហើយ និយាយដោយត្រង់ អ្នកណាហ៊ានចាប់ ហ៊ុន សែន សូមអញ្ជើញមកចាប់មក ស្មើនឹងប្រកាសសង្គ្រាមជាមួយកម្ពុជា»។

នាយករដ្ឋមន្ដ្រីបន្ដថា សម្ដេចនៅមួយប្រជាជនកម្ពុជា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ហើយសម្ដេចក៏នៅធ្វើជាតំណាងរាស្ដ្រ បន្ទាប់មកទៀតសម្ដេច នឹងក្លាយជាប្រធានព្រឹទ្ធសភា។ សម្ដេចបន្ថែម ថា ចំណុចដែលក្រុមប្រឆាំងភ័យជាងគេនោះ គឺនៅត្រង់សម្ដេច ផ្ទេរនាយករដ្ឋមន្ដ្រី ទៅឲ្យក្មេងជំនាន់ក្រោយ ដូច្នេះទើបសម្ដេច ត្រូវផ្ទេរនាយករដ្ឋមន្ដ្រី នៅពេលនេះតែម្ដង ៕

To Top