ភ្នំពេញ ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញបានចេញដីកា បង្គាប់កោះហៅលោក វន់ ពៅជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA ឲ្យចូលសវនាការ ដើម្បីជំនុំជម្រះពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ។
រឿងរ៉ាវកាលពីជាង៩ឆ្នាំមុន បានកើតឡើងក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដោយមានការផ្ទុះបាតុកម្មរបស់ក្រុមកម្មករ-កម្មការិនី បម្រើការនៅតាមបណ្តារោងចក្រនានាជាទ្រង់ទ្រាយធំនៅម្តុំផ្លូវវេងស្រេងដែលកើតចេញពីការដឹកនាំរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ។ ក្នុងគ្រានោះ លោក វន់ ពៅ និងកម្មករផ្សេងទៀតជាង២០នាក់ ត្រូវបានចាប់ខ្លួនផងដែរ ។
ពាក់ព័ន្ធនឹងការកោះហៅសារជាថ្មីរបស់តុលាការដែលក្នុងដីកាចុះហត្ថលេខា ដោយលោក អ៊ឹម សុផាន ព្រះរាជអាជ្ញា នាថ្ងៃ១៧ កក្កដា បានឲ្យដឹងថា “បង្គាប់មកឈ្មោះ វន់ ពៅ ឲ្យចូលទៅសាលាឧទ្ធរណ៍ភ្នំពេញនាថ្ងៃ១៧ សីហា វេលាម៉ោង៨ព្រឹក នៅបន្ទប់សវនាការទី៣ជាការកំណត់ ដើម្បីជំនុំជម្រះពីបទ ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
ឆ្លើយតបចំពោះដីកានេះ លោក វន់ ពៅ នឹងចូលខ្លួនបំភ្លឺ ។ លោកថា “ខ្ញុំនឹងចូលខ្លួនទៅតាមដីកាកោះនេះ តាមការកំណត់របស់សាលាឧទ្ធរណ៍ភ្នំពេញ” ។ លោកថា សាច់រឿងនេះគឺជាងរឿងរ៉ាវកាលពីជាង៩ឆ្នាំមុននៅមុខរោងចក្រយ៉ាកជីន ក្នុងខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវជាតិលេខ ៤។
គួររំលឹកថា លោក វន់ ពៅ និងបាតុករ២២នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិអំពើហិង្សាដោយចេតនា និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន នៅក្នុងការប៉ះទង្គិចគ្នាមួយនៅមុខរោងចក្រយ៉ាកជីន រវាងកម្មករកាត់ដេរ និងកងទាហានឆ័ត្រយោង ៕