ព័ត៌មានជាតិ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា​៖​ ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេស​ មានភាពមិនត្រឹមត្រូវ ជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង

រូបភាព៖ ហ្វេសប៊ុក

ភ្នំពេញ​ ៖​ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃ ព្រះរាជាណាចក្រកម្ពុជា​ ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំង ចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសមួយចំនួនតូចពាក់ព័ន្ធនឹង ការបោះឆ្នោតជាតិនៅកម្ពុជា។

ការលើកឡើងរបស់ពួកគេ​ មានភាពមិនត្រឹមត្រូវ ជាពិសេសពាក់ព័ន្ឋនឹង សភាពពិតនៅមូលដ្ឋាន ដែលប្រការនេះនាំឱ្យអ្នករាយការណ៍ពិសេសធ្វើការវាយតម្លៃ ដោយជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់​ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា​ នាថ្ងៃទី៤​ សីហា​ បានឱ្យដឹងថា​ បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញខាងលើបែរជា ធ្វើមិនដឹងមិនឮអំពីអត្រា អ្នកចូលរួមបោះឆ្នោតដ៏ខ្ពស់ចំនួន ៨៤,៥៩% ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ នៅក្នុងដំណើរការបោះឆ្នោត ព្រមទាំងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី តែរីកចំរើននៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែល​ បន្ដថា​ អត្រាខ្ពស់នៃអ្នកទៅបោះឆ្នោត ជាសក្ខីភាពបង្ហាញឱ្យឃើញ ពីការប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការអំពាវនាវឱ្យមានការធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌នានាដែលរៀបចំឡើង ដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនប្រជាធិបតេយ្យ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍​ នៃកម្ពុជា​ ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវបដិសេធទាំងស្រុងនូវសេចក្ដីអត្ថាធិប្បាយ របស់អ្នករាយការណ៍ពិសេស និងសូមក្រើនរំលឹកអ្នករាយការណ៍ពិសេស ត្រូវគោរពតាមឱ្យ​បានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ និងសៀវភៅណែនាំប្រតិបត្តិការ សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ពុំដូច្នេះទេការបំពានជាម្ដងហើយម្ដងទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការនាពេលអនាគត របស់កម្ពុជាជាមួយយន្តការអ្នករាយការណ៍ពិសេសនេះ៕

To Top