នយោបាយ

គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលបោះឆ្នោត ហើយចាត់ទុកលទ្ធផលនេះ ជាបំណងប្រាថ្នារបស់ប្រជាជន ដើម្បីរក្សាសន្ដិភាព

រូបភាព៖ គណបក្ស​ប្រជាជន​កម្ពុជា​

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកទទួលយក លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។ គណបក្សប្រជាជនកម្ពុជាចាត់ទុកលទ្ធផលនេះ បានបង្ហាញច្បាស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គ្រប់គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតក៏ដូចបេក្ខជននៃ គណបក្សនីមួយៗសុទ្ធតែមានឱកាសពេញលេញ និងស្មើភាពក្នុងការធ្វើសកម្មភាព ផ្សព្វផ្សាយនូវកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដោយអនុវត្តយ៉ាង ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា ចាត់ទុកការបោះឆ្នោតនេះជា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែល ឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពី ជំហានទៅមុខដ៏រឹងមាំគ្មានអ្វីអាចមកបន្ទុចបង្អាក់ បាននៃដំណើរការប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាក្រោមម្លប់នៃសន្តិភាព។ ផ្អែកលើមូលដ្ឋាននេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ និងផលប្រយោជន៍ជាសារវន្ត របស់ប្រជាជនកម្ពុជាទាំងមូល។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិក ទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ ហើយដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន ៨២.៣០% នៃសន្លឹកឆ្នោតបានការសរុប»។

គណបក្សប្រជាជនកម្ពុជា បានអះអាងថា «តាមរយៈលទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាគាំទ្រការ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត អ្នកបន្តវេនដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលនេះ ក៏បានបង្ហាញច្បាស់នូវបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយបដិសេធ យ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពប្រទូសរ៉ាយ របស់ពួកប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើររីកចម្រើនរបស់កម្ពុជា ជាពិសេសបំផ្លាញដំណើរការប្រជាធិបតេយ្យ តាមរយៈការ បំផ្លាញការបោះឆ្នោត ដូចជា យុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោត និងទៅគូសបំផ្លាញសន្លឹកឆ្នោតជាដើម»។

គណបក្សប្រជាជនកម្ពុជា បានសម្តែងការគោរពនិងដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូន ជនរួមជាតិនៅគ្រប់ទិសទី ដែលបានបោះឆ្នោតគាំទ្រគណបក្ស យ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុង ការដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំ បន្តទៀត។ ប្រជាជនកម្ពុជាបានយល់ច្បាស់ថា បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ៕

To Top