បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំកិច្ចអន្តរាគមន៍ពី ក្រសួងឧស្សាហកម្ម ដើម្បីមានវិធានការផ្អាកដំណើរការ បណ្ដោះអាសន្ននូវរោងចក្រដែលបានបង្ហូរទឹកកខ្វក់ ចូលក្នុងស្ទឹងសង្កែ ព្រមទាំងស្នើដល់ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធចុះពិនិត្យវាយតម្លៃ ផលប៉ះពាល់បរិស្ថានសារឡើងវិញ ចៀសវាងបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។

សំណើររបស់រដ្ឋបាលខេត្តបាត់ដំបង បានធ្វើឡើងបន្ទាប់ពីគណៈកម្មការចម្រុះខេត្ត បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង របស់រោងចក្រដែលមានទីតាំង ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ដោយបានរកឃើញថា ទឹកដែលមានពណ៌ខ្មៅខុសប្រក្រតី បានបង្កឡើងពីសំណល់រាវ របស់រោងចក្រហូរចូលក្នុងស្ទឹងសង្កែ ។

យោងតាមសេចក្ដីបំភ្លឺ របស់រដ្ឋបាលខេត្តបាត់ដំបង ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ចំពោះមុខរដ្ឋបាលខេត្ត បានស្នើសុំកិច្ចអន្តរាគមន៍បន្ថែមទៀត ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីមានវិធានការផ្អាករោងចក្រ មិនឱ្យដំណើរការជាបណ្ដោះអាសន្ន និងស្នើសុំក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យ និងវាយតម្លៃផលប៉ះពាល់បរិស្ថានសារឡើងវិញ ចៀសវាងបង្កឱ្យមានផលប៉ះពាល់ដល់ សុខភាពបងប្អូនប្រជាពលរដ្ឋ នៅពេលក្រោយទៀត»។

សេចក្ដីបំភ្លឺដដែលបានឱ្យដឹងទៀតថា ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានណែនាំដល់មន្រ្តីបច្ចេកទេស រដ្ឋាករទឹកបាត់ដំបងធ្វើការពិនិត្យ និងបានរកឃើញថាទឹកនៅតែរក្សា បានគុណភាពល្អជាធម្មតាអនុលោម តាមស្ដង់ដារគុណភាពទឹកស្អាត និងមិនមានប៉ះពាល់ដល់សុខភាពឡើយ ហើយបច្ចុប្បន្នទឹកស្ទឹងសង្កែបានវិលត្រឡប់ មកសភាពដើមជាធម្មតា។

ទន្ទឹមនេះ រដ្ឋបាលខេត្តបានចាត់វិធានការ ចំពោះក្រុមហ៊ុនដោយបានធ្វើកិច្ចសន្យា និងមិនអនុញ្ញាតឱ្យមានការ ហូរចេញនូវសំណល់រាវ (ទឹកកខ្វក់) សំណល់រឹង និងសារធាតុពុល ឬសារធាតុគីមីគ្រប់ប្រភេទ ចេញពីទីតាំងរោងចក្រចូលទៅក្នុងស្ទឹងសង្កែ សារជាថ្មីម្ដងទៀតទេ។ បើករណីនេះនៅតែបន្តកើតមានឡើង ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ទាំងស្រុងចំពោះមុខច្បាប់ ៕



