ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដឹកនាំទ័ពហ្វឹកហ្វឺនបើកអូរប័រ និងសង្គ្រោះបឋម ត្រៀមជួយពលរដ្ឋពេលមានគ្រោះទឹកជំនន់

រូបភាព៖ ហ្វេសប៊ុកកងពលតូចដឹកជញ្ជូនលេខ ៩៩

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងកងទ័ព ធ្វើការហ្វឹកហ្វឺនជំនាញបើកបរអូរប័រ និងសង្គ្រោះបឋម ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីបង្កើនសមត្ថភាព ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងហេតុការគ្រោះមហន្តរាយទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ ។

ការហ្វឹកហ្វឺននេះ ស្ថិតនៅទំនប់អូរតាម៉ា ភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយការអញ្ជើញចូលរួមពីសំណាក់ ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ មេប៉ុស្តិ៍ ប្រជាការពារ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋផងដែរ។

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មានប្រសាសន៍ថា ដោយគោរពតាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង សង្គ្រោះគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិ បានដាក់បទបញ្ជាឲ្យត្រៀមលក្ខណៈកម្លាំងជំនាញ ឧបករណ៍ សម្ភារៈ និងមធ្យោបាយផ្សេងៗទៀត ដែលក្រសួងការពារជាតិមាន ដើម្បីត្រៀមលក្ខណៈចុះជួយ ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង ជាយថាហេតុ នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ៕

To Top