ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជួលតួប៉មខាងជើង ប្រាសាទត្រពាំងល្ពៅ

រូបភាពពី អាជ្ញាធរជាតិអប្សរា

ភ្នំពេញ ៖ មន្ត្រីជំនាញនាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារ ជួសជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុល ក្នុងខែមីនា ឆ្នាំ២០២៣កន្លងមក។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៩ សីហា លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា «ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ ដែលនៅឈរមានរូបរាង ។ ដូច្នេះក្រុមអ្នកជំនាញ បានចំណាយពេលវេលា ប្រមាណ៥ខែ ដើម្បីជួសជុលតួប៉ម ផ្នែកខាងត្បួងរួចរាល់ ។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ២០២៣ ក៏បន្តការងារជួសជុលតួប៉ម ផ្នែកខាងជើងវិញម្តង ដើម្បីពង្រឹងរចនាសម្ពន្ធប្រាសាទ ឲ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ព័ន្ធ នៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន»។

ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នកជំនាញបានចាប់ផ្តើមធ្វើការសិក្សាសម្រង់ប្លង់នៃប្រាសាទ និងធ្វើការពង្រឹងខឿនជញ្ជាំងឲ្យមានលំនឹង ទប់ស្កាត់ការរលុះ ធ្លាក់ធ្វើឲ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មក ធ្វើការសម្អាត បិទបាយអភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹក ធ្វើយ៉ាងណាឲ្យតួប៉ម នៃប្រាសាទនេះ មានភាពរឹងមាំឡើងវិញ។

លោកស្រី ឈុន រតនា អ្នកជំនាញ ជួសជុលប្រាសាទត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ដំណើរការជួសជុលសម្រេច បានលទ្ធផលប្រមាណ៧០ភាគរយហើយ ។ ដោយគ្រោងនឹងបញ្ចប់គម្រោងជួសជុល នាចុងឆ្នាំ២០២៣ខាងមុខ។ បន្ទាប់មកនឹងចាប់ផ្តើម ការងារជួសជុលប្រាង្គកណ្តាល នៃប្រាសាទត្រពាំង ល្ពៅនេះជាបន្តទៀត ។
ក្រោយការងារជួសជុល រួចរាល់អ្នកជំនាញរំពឹងថា តួប៉មនៃប្រាសាទត្រពាំងល្ពៅ នឹងឈររឹងមាំយូរអង្វែងទៅថ្ងៃមុខបន្តទៀត ដើម្បីជាកេរដំណែល សម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់។

សូមរំលឹកថា ប្រាសាទត្រពាំងល្ពៅ (ឯកសារមុនៗ ហៅថា ប្រាសាទត្រពាំងរពៅ) គឺជាប្រាសាទឥដ្ឋមួយមានប្រាង្គចំនួន៣បែរទៅទិសខាងកើត ហើយនៅទិសអាគ្នេយ៍មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែលប្រហែលជាត្រូវនឹងគេសព្វថ្ងៃហៅថា «ហោត្រៃ» ត្រូវបានកសាងឡើងប្រហែលឆ្នាំ៩៤៤-៩៦៨ ក្នុងសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័នទី២ ៕

To Top