ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ សមាគមធនាគារ នៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានយកចិត្តទុកដាក់ ទៅលើការចោទប្រកាន់ ទាក់ទង ទៅនឹងការធ្វើអត្តឃាត និងការប៉ុនប៉ង ធ្វើអត្តឃាត ដោយសារការបង្ខំ លើការប្រមូលបំណុលពី មន្ត្រីឥណទាន នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្តរតនគិរី ។
តាមរយៈសេចក្ដីថ្លែងការណ៍ របស់សមាគមទាំងពីរ បានឲ្យដឹងថា សមាគមបាននិងកំពុងធ្វើការយ៉ាង សស្រាក់សស្ដាំលើរបៀបវារៈ នៃការផ្ដល់កម្ចីប្រកប ដោយការទទួលខុសត្រូវ និងការដាក់ចេញនូវគោលការណ៍ការពារ អ្នកប្រើប្រាស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2023/08/photo_2023-08-09_14-15-22.jpg)
ទាក់ទងនឹងករណី ចោទប្រកាន់នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើឲ្យគ្រឹះស្ថាននីមួយៗ ដែលមានឈ្មោះ នៅក្នុងរបាយការណ៍នោះ ធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ទៅលើករណីចោទប្រកាន់ទាំងអស់នោះ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងភាពមិនលម្អៀងលើលទ្ធ ផលនៃការរកឃើញចំពោះបញ្ហានេះ សមាគម យល់ឃើញថា ចាំបាច់នឹងមានការស៊ើបអង្កេតឯករាជ្យមួយផ្សេងទៀត ប្រសិនបើពិតជាមាន ការប្រព្រឹត្តខុស ពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុ ជាសមាជិកមននោះ សមាគមទាំងពីរ នឹងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការវិន័យ លើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឬ បុគ្គលពាក់ព័ន្ធ ។ វិធានការដ៏ម៉ឹងម៉ាត់នេះ គឺជាការចាំបាច់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងទំនុកចិត្តសាធារណជន មកលើប្រព័ន្ធធនាគារ ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អរគុណចំពោះការយកចិត្តទុកដាក់ ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលលើបញ្ហានេះ ហើយសមាគមទាំងពីរសង្ឃឹមថានៅពេលអនាគត យើងនឹងអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់។ ដោយមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា សមាគមទាំងពីរនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ ទាំងរបៀបវារៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលទ្ធភាពទទួល បានហិរញ្ញវត្ថុ រួមជាមួយនឹងការធានាថា សមាជិកទាំងអស់របស់សមាគម ប្រកាន់ខ្ជាប់ នូវគោលការណ៍ នៃការផ្តល់កម្ចីប្រកប ដោយការទទួលខុសត្រូវ និងការអនុវត្តឱ្យបានហ្មត់ចត់ នូវក្រមប្រតិបត្តិសម្រាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លើសពីនេះ សមាគមទាំងពីរ នឹងបន្តពិនិត្យមើលលើគោលនយោបាយ នៃការវាយតម្លៃឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ និងគោលនយោបាយប្រមូលបំណុល រួមបញ្ចូលទាំងការកែលម្អចាំបាច់ ដើម្បីធានាបាននូវដំណោះស្រាយត្រឹមត្រូវ និងសមស្របដែលអាចទទួលយកបាន ទាំងចំពោះផលប្រយោជន៍របស់អតិថិជន និងផលប្រយោជន៍ របស់ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)