ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសចិន នឹងមកកម្ពុជា មុនរាជរដ្ឋាភិបាលកម្ពុជាថ្មី ប្រកាសជាផ្លូវការ

ភ្នំពេញ ៖ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្តដែកថែបរបស់កម្ពុជា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ១២-១៣ សីហា ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ជាថ្មីមកកម្ពុជានេះ មុនពេលលោកបណ្ឌិត ហ៊ុន ម៉ាណែតដែលត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាប់បង្គាប់ចាត់តាំង ជានាយករដ្ឋមន្រ្តីក្នុងនីតិកាលទី៧ រៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីដែលនឹងចេញជារូបរាងផ្លូវការនាថ្ងៃ២២ សីហា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំងកម្ពុជាផងដែរ ។ កិច្ចពិភាក្សានឹងផ្តោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។

បន្ថែមពីនេះ លោក វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជំនួបនឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះប្រព្រឹត្តទៅ ស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

To Top