ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសម្របសម្រួល និង រៀបចំកម្មវិធីកិច្ចពិភាក្សាតាមក្រុមអំពី ទស្សនៈរបស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល (Digital Economy Agreement)” ក្រោមអធិបតីភាព លោកបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. តំណា លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. នៅ ឯសណ្ឋាគារអកវ៉ូតព្រីមៀរភ្នំពេញ (Oakwood Premier Phnom Penh) នារសៀលថ្ងៃទី ១០ ខែ សីហា ឆ្នំា ២០២៣ ។
កម្មវិធីកិច្ចពិភាក្សាតាមក្រុមនេះ មានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធរួមមាន តំណាងស្ថាប័ន សាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ សមាគមពាណិជ្ជកម្ម និងស្ថាប័នស្រាវជ្រាវប្រមាណ ៥០នាក់។
ការរៀបចំកម្មវិធីកិច្ចពិភាក្សាតាមក្រុមនារសៀលនេះ គឺជាផ្នែកមួយនៃការប្រមូលទិន្នន័យរបស់ការសិក្សាស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ទៅលើការវិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែងសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមក្នុងកិច្ចចរចា ក៏ដូចជាការរៀបចំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ កម្មវិធីកិច្ចពិភាក្សាតាមក្រុមនេះបានជជែកពិភាក្សាលើប្រធានបទចំនួន ៤ ធំៗ រួមមាន ទី១. ពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន (Digital trade and Cross-border E-commerce) ទី២. ការការពារទិន្នន័យ ឯកជនភាព សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង សន្តិសុខសាយប័រ (Data protection and privacy, Online safety and cybersecurity) ទី៣. បម្លាស់ទីរបស់អ្នកមានទេពកោសល្យឌីជីថល និង កិច្ចសហប្រតិបត្តិការ (Talent mobility and cooperation) និងទី៤. កិច្ចសហ-ប្រតិបត្តិការលើប្រធានបទថ្មីៗ (Cooperation on emerging topics)។
លោកបណ្ឌិត តាំង ងួនលី បានថ្លែងបើកកម្មវិធី ដោយបានគូសរំលេចអំពីនិន្នាការវិវត្តន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ និង សកលលោក រួមទាំងការកើនឡើងនៃការរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលដែលមានជាធរមាន។
ក្នុងនោះ លោកអគ្គលេខាធិការរង ក៏បានបញ្ជាក់អំពីការយកចិត្តទុកដាក់ និង ផ្តល់អាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យឌីជីថលនេះ តាមរយៈការដាក់ចេញគោលនយោបាយឌីជីថលចម្បងៗ ជាអាទិ៍ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ការដាក់ចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥១ សសរ នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៣ ក្នុងការបង្កើតក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និង រៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ចំនួន ១៣ ក្រុម ដែលមានសមាសភាពមកពីអន្តរក្រសួង ស្ថាប័ន ក៏ដូចជាការកំណត់អាទិភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភាផងដែរ។
នាឱកាសនោះដែរ ក្រុមការងារជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. បានធ្វើបទបង្ហាញអំពីទិដ្ឋភាពជារួមនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល និង ណែនាំអំពីនីតិវិធីនៃការធ្វើកិច្ចពិភាក្សាតាមក្រុម។ ក្រុមការងារកិច្ចពិភាក្សា តាមក្រុមបានប្រព្រឹត្តទៅដោយភាពរលូន និង មានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ។ ជាមួយនឹងសមាសភាពចម្រុះពីតំណាងស្ថាប័នសាធារណៈ វិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងសមាគមពាណិជ្ជកម្ម ក្រុមនីមួយៗបានពិភាក្សាលើស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការគំរាមកំហែង និងកាលានុវត្តភាព រួមទាំងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចូលរួមចរចាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ជាពិសេសកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្របខណ្ឌអាស៊ាន ដែលគ្រោងនឹងចាប់ផ្តើមចរចាក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។
តំណាងក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. បានឡើងថ្លែងអំណរគុណដល់វត្តមាននៃភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សាតាមក្រុមនេះ ដែលបានផ្តល់ធាតុចូលដ៏មានសារសំខាន់ ដល់ក្រុមការងារ ដើម្បីរៀបចំរបាយការណ៍សិក្សា និង បម្រើជាមូលដ្ឋានក្នុងការកំណត់ជំហររបស់ប្រទេសកម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនានានៅថ្ងៃខាងមុខ។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តការចូលរួម និងផ្តល់កិច្ចសហការ ក្នុងការផ្ញើធាតុចូលបន្ថែម តាមរយៈសារអេឡិចត្រូនិក digitaleconomy@mef.gov.kh ពាក់ព័ន្ធនឹងការគំរាមកំហែង ក៏ដូចជា កាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការចូលរួមរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលដ៏មានសារសំខាន់នេះ៕