ព័ត៌មានជាតិ

បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង ៤៦០គីឡូក្រាម ពីតំបន់ត្រីកោណមាស ចូលមកកម្ពុជា

រូបភាព៖ មន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៤៦០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា ។

ជាក់ស្ដែងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវជាង ២ខែ និងឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា នៅពីរគោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅទី២ នៅបុរីជីបម៉ុងលែនសែនសុខ ផ្ទះលេខ 61 ផ្លូវលេខ P-08 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តិការ​នេះឃាត់ខ្លួនជនសង្ស័យ ២នាក់ ជនជាតិថៃ ៖
១.ឈ្មោះ SAELEE CHALOEMRAT ភេទប្រុស កើតឆ្នាំ ១៩៩៣, ២.ឈ្មោះ SAEYANG THAVON ភេទប្រុស កើតឆ្នាំ ១៩៨៩ ។

វត្ថុតាងចាប់យករួមមាន៖ -សារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៦៥ដុំ ស្មើទម្ងន់ 465 kg 651 g ។ -ទូរស័ព្ទ ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

To Top